​​វេទិការ​​ចុះ​​ជួប​​សំណេះ​​សំណាល​​ ជាមួយ​​ប្រជាពលរដ្ឋ​​​ក្នុង​​​ភូមិ​ព្រែកគង់រាជ​ ឃុំព្រែករៃ​ ស្រុកល្វាឯម ​ខេត្តកណ្តាល​​

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង ០៨:៣០ ព្រឹក ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅស្រុកល្វាឯម ខេត្តកណ្តាល បានធ្វើវេទិកាសាធារណៈនៅភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោមអធិបីភាព ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច

និងជាអនុប្រធានក្រុមការងារចុះស្រុកល្វាឯម ដោយមានការអញ្ជើញចូលរួមពី លោក ប៊ុន ផេង អភិបាលស្រុកល្វាឯម លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុកល្វាឯម អស់លោក លោកស្រី ជាប្រធានការិយាល័យ-អង្គភាពពាក់ព័ន្ធជុំវិញស្រុកល្វាម និងមន្ត្រីរាជការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋឃុំព្រែករៃ សរុបប្រមាណ ១១០នាក់។

បន្ទាប់ពី ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ មានមតិបើកវេទិកា និងចង់ជ្រាបពីការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងឃុំព្រែករៃ ពិសេសប្រជាពលរដ្ឋភូមិព្រែកគង់រាជផ្ទាល់ រួចមក តំណាងប្រជាពលរដ្ឋភូមិព្រែកគង់រាជ បានឡើងមានមតិ និងសំណូមពរជាបន្តបន្ទាប់ សុំឲ្យក្រុមការងារថ្នាក់ជាតិមានវិធានការ និងដំណោះស្រាយបញ្ហាមួយចំនួន ដូចខាងក្រោម៖
១- សុំបើកប្រើប្រាស់នូវផ្លូវរទេះចំនួន ០២ខ្សែ គឺផ្លូវរទេះក្រោយភូមិព្រែកគង់រាជ (ចាប់ពីវត្តព្រែកគង់រាជ ទៅឃុំភូមិធំ) និងផ្លូវរទេះ ពីភូមិព្រែកគង់រាជ ទៅបឹងឬស (ផ្លូវរទេះនេះកន្លងមកមាន តែក្រោយមកប្រជាពលរដ្ឋមួយចំនួនបានពង្រីកយក ធ្វើឲ្យបាត់ផ្លូវរទេះ)។
២- សុំជួយស្តារអាងទឹក បឹង និងប្រឡាយមួយចំនួន ដូចជា បឹងកន្លែងចក មេទឹកផ្លុង ដែលមានស្រាប់ក្នុងមូលដ្ឋានឃុំព្រែករៃ ឲ្យបានជ្រៅ ដើម្បីប្រជាពលរដ្ឋអាចដាំដំណាំបាន។
៣- សូមជួយបិទផ្ជិតទំនប់តាអួរ (ទ្វាទឹកតាអួរ) ដើម្បីខែប្រាំងប្រជាពលរដ្ឋ មានទឹកសម្រាប់ប្រើប្រាស់ធ្វើកសិកម្ម និងចិញ្ចឹមសត្វ និងសំណូមពរកងវិស្វកម្មឲ្យសុំកាយយកអាចម៌ដី ពីទំនប់តាអួរ ទៅខាងកើត សុំកុំយកពីខាងលិច។
៤- បញ្ហាតម្លៃស្រូវថោក គេថាមកពីប្រជាជនយកពូជស្រូវដែលមានតម្លៃថោកមកធ្វើ ដូច្នេះប្រជាពលរដ្ឋសំណូមពរសុំឲ្យអ្នកនិយាយនោះជួយយកពូជស្រូវដែលលក់បានថ្លៃនោះ មកលក់ឲ្យធ្វើពូជផង។
៥- សំណូមពរសុំជួយធ្វើផ្លូវពីមណ្ឌលសុខភាព ទៅវត្តព្រែកគង់រាជឲ្យបានខ្ពស់ ព្រោះខែវស្សា ផ្លូវនេះលិចទឹកពិបាកធ្វើដំណើរ។
៦- បញ្ហាឡូតិ៍នេសាទ សូមថ្នាក់លើជួយចាត់ចែងការពារឲ្យប្រជាពលរដ្ឋបានធ្វើនេសាទជាលក្ខណៈគ្រួសារផងព្រោះកន្លងមកមានអ្នកលួចឆក់ច្រើនណាស់។
៧- បញ្ហាដរទទឹងផ្លូវសំពោង សំណូមពរកុំលក់ឲ្យឯកជន សុំទុកឲ្យវត្តព្រែកគង់រាជគ្រប់គ្រង បានថវិកាកសាងវត្ត។

ឆ្លៀតតបទៅនឹងសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋឃុំព្រែករៃ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ និងក្រុមការងារ ព្រមទាំងមន្ត្រីជំនាញបានធ្វើការពន្យល់បកស្រាយយ៉ាងល្អិតល្អន់ពាក់ព័ន្ធនឹងសំណួរ និងសំណូមពរខាងលើម្តងមួយៗជូនសមាជិកអង្គវេទិកាបានជ្រាប ហើយអង្គវេទិកាទាំងមូល ទទួលយកបាន។