កិច្ច​ប្រជុំ​ក្រុម​ការងារ​តាក់តែង​សេចក្តីព្រាង​ច្បាប់​ និង​លិខិតបទដ្ឋាន​គតិយុត្តិ​លើកទី​២៤

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ៨.៣០នាទី នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិលើកទី២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អស់លោក លោកស្រី នាងកញ្ញា ជាសមាជិក សមាជិកា នៃក្រុមការងារ ។

ក្នុងដំណើរការនៃការជជែកពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យលេខ ៦៧  ក្រុមការងារបានចូលរួមមតិយោបល់យ៉ាងផុលផុសក្នុងការកែប្រែ ដោយមានការសម្របសម្រួល យោគយល់គ្នាសម្រេចលើខ្លឹមសារនៃមាត្រានីមួយៗក្នុងជំពូកទាំង ១២ របស់អនុក្រឹត្យ។

គួររំលឹកផងដែរថា អនុក្រឹត្យលេខ ៦៧ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច មានចំនួន ១២ ជំពូក និង ៣១ មាត្រា ក្នុងនោះក្រុមការងារធ្វើការពិភាក្សាបានចំនួន ៧ ជំពូក មាន ១៧ មាត្រា ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ ។