ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច ខេត្តសៀមរាប

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តសៀមរាប បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។

មានវត្តមានអញ្ជើញចូលរួមក្នុងអង្គពិធីមាន ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាព រដ្ឋបាលដែនដី កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការចូលរួមយ៉ាងច្រើនកុះករ ។

មានមតិក្នុងអង្គពិធី ឯកឧត្តម ឃឹម ប៊ុនសុង បានមានប្រសាសន៍ថា ការប្រគល់ភារកិច្ច និងការទទួលខុសត្រូវជូនដល់ លោក លឹម ភក្តី នាពេលនេះ គឺជាទំនុកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។ ហើយតម្រូវឲ្យសាមីខ្លួន ត្រូវបញ្ចេញឲ្យអស់សមត្ថភាព លទ្ធភាព និងទេពកោសល្យ ក្នុងការជំនះរាល់ការលំបាក ដោយ ត្រូវសហការជាមួយថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើមី្បឲ្យអង្គភាពមានការប្រែប្រួលមុខមាត់ថ្មី សំដៅធានាបាននូវភារកិច្ចស្នូល ដែលអង្គភាពត្រូវបំពេញ ។

ឯកឧត្តម ឌុច សុវណ្ណារី បានមានប្រសាសន៍ថា ការប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរ ក្រសួងតែងតែគិតគូចំពោះការងារដឹកនាំ ការគ្រប់គ្រងមន្ត្រីថ្នាក់ក្រោមគ្រប់កាលៈទេសៈ  ដើមី្បអនុវត្តតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅធ្វើឲ្យសេវាសាធារណៈកាន់តែប្រសើរឡើង ។ ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកនូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួន ដែលជាយន្តការ ក្នុងការដឹកនាំអង្គភាពឲ្យមានភាពរីកចម្រើន តាមរយៈការកែលម្អសេវាសាធារណៈ ដោយធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នូវរាល់លិខិតបទដ្ឋាន សារាចរ និងច្បាប់នានា ព្រមទាំងក្តាប់ឲ្យបាននូវរាល់ពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ។ ហើយឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមជឿជាក់ផងដែរថា ក្នុងការដឹកនាំរបស់ លោក លឹម ភក្តី ប្រធានមន្ទីរថ្មី នឹងពង្រឹងបាននូវប្រពៃណី សាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរជាមួយបណ្តាមន្ទីរ អង្គភាព ក្នុងការដោះស្រាយ នូវរាល់បញ្ហានានា  និងបង្ករលក្ខណៈងាយស្រួលដល់អ្នកទទួលសេវា ដោយអនុវត្តតាមទិសស្លោក (បម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ដើមី្បសុខមាលភាពរបស់ប្រជាពលរដ្ឋ និងវិបុលភាពប្រទេសជាតិ ) សំដៅការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងគ្រួសារផងដែរ ៕