ក្រសួង​ទំនាក់ទំនងជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច បន្តពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អធិការកិច្ច​វៀតណាម

នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងាររវាង

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយគណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ចិន ឌឺកលឺក ( TRAN DUC LUONG) អគ្គរងអធិការកិច្ច នៅទីស្តីការក្រសួង។

ក្នុងជំនួបពិភាក្សា ឯកឧត្តម ឆេង សារឿន បានលើកឡើងថា ដោយអនុវត្តតាមខ្លឹមសារអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអនុវត្តកិច្ចព្រមព្រៀងរវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើឲ្យសា្ថប័នអធិការកិច្ច នៃប្រទេសទាំងពីរ បាន ដកបទពិសោធន៍ពីគ្នាទៅវិញទៅមកលើការងារអធិការកិច្ច មានដូចជា ការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ ការបង្កាទប់ស្កាត់អំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា នៃអំណាចសាធារណៈ។

ឯកឧត្តម ឆេង សារឿន មានប្រសាសន៍បន្តទៀតថា ដំណើរទស្សនកិច្ចរបស់គណប្រតិភូអធិការកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺស្របពេលដែលក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទើបបានធ្វើការកែសម្រួលអនុក្រឹត្យថ្មី ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ឲ្យស្របជាមួយបរិការនយោបាយ ស្របជាមួយការធ្វើកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាស្របនឹងបរិបទសង្គម សេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន និងឲ្យបានសមស្របជាមួយនិន្នាការតំបន់ និងពិភពលោកទាំងមូល។ ដំណើរទស្សនកិច្ចនេះ គឺស្របពេលជាមួយក្រសួង កំពុងរៀបចំធ្វើច្បាប់អធិការកិច្ចផងដែរ៕