ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ ជំរុញ​ឱ្យ​គ្រប់​អង្គភាព​ចំណុះ​ក្រសួង​យក​ចិត្ត​ទុកដាក់​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា

នាព្រឹកថ្ងៃទី១៤កើត ខែបុស្ស ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច  មានបើកកិច្ចប្រជុំស្តីពីការងារគេហទំព័រ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមានវត្តមាន ឯកឧត្តមអគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ រាជធានី ខេត្ត ចំនួន ៥១រូប។

ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យ និងជាប្រធានក្រុមការងារទទួលបន្ទុកផ្នែកព័ត៌មានវិទ្យា បានមានប្រសាសន៍ថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើការផ្សព្វផ្សាយរាល់សកម្មភាពការងាររបស់ក្រសួងតាមរយៈគេហទំព័រផ្លូវការ www.monasri.gov.kh និងតាមរយៈហ្វេសប៊ុកផេក fb/monasri.gov.kh ។ ឯកឧត្តមបានបន្តថា ដើម្បីឱ្យការងារផ្សព្វផ្សាយបានទូលំទូលាយ និងផុលផុស គឺទាមទារឱ្យគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីរ រាជធានី ខេត្ត បន្តជួយសហការផ្តល់ព័ត៌មាន ស្តីពីសកម្មភាពការងារបញ្ជូនមកក្រុមការងារដើម្បីផ្សព្វផ្សាយ។

ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់គ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីរ រាជធានី ខេត្ត  ត្រូវជំរុញ និងយកចិត្តទុកដាក់លើវិស័យបច្ចេកវិទ្យាព័ត៌មាន ដើម្បីផ្សព្វផ្សាយសកម្មភាពការងារក្រសួង អង្គភាពចំណុះ និងមន្ទីរ រាជធានី ខេត្ត ឱ្យបានផុលផុស ដើម្បីជាប្រយោជន៍ដល់អ្នកទស្សនា និងអ្នកសិក្សាស្រាវជ្រាវ៕