ពិធីផ្សព្វផ្សាយច្បាប់ ស្តីពីជលផល នៅខេត្តកំពង់ធំ

ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយនឹងអាជ្ញាធរ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ បានប្រារព្ធពិធី ផ្សព្វផ្សាយច្បាប់ស្តីពីជលផល ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សា សង្កាត់ មេភូមិ សហគមន៍ និងប្រជាពលរដ្ឋ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម សោម សុផាត អភិបាលរងខេត្តកំពង់ធំ។

បន្ទាប់ពីលោក ញឹក បានខេង  បានមានមតិស្វាគមន៍ក្នុងសន្ទរកថាបើកពិធីផ្សព្វផ្សាយ ច្បាប់ជលផល ឯកឧត្តម ស៊ុំ រុំ បានលើកឡើងពីគោលបំណង គឺធានានូវការគ្រប់គ្រង ជលផល និងធនធានជលផល ជំរុញអភិវឌ្ឍន៍ វារីប្បកម្ម ផលិកម្ម និងការកែឆ្នៃលើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងសហគមន៍មូលដ្ឋាន ដើម្បី រួមចំណែកសហការ និងអនុវត្តច្បាប់នេះឲ្យបានល្អ ក្នុងការទប់ស្កាត់ និងលប់បំបាត់នូវការ នេសាទខុសច្បាប់ដែលកំពុងតែកើតមាន។

មានប្រសាសន៍បិទអង្គពិធី ឯកឧត្តម សោមសុផាត បានលើកឡើងថា នៅក្នុងគោលនយោបាល ចតុកោណ ដំណាក់ ទី២ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន បាននឹងកំពុងខិតខំយ៉ាងសកម្ម ក្នុងការអនុវត្តន៍កម្មវិធីនយោបាយដែលមានអភិបាលកិច្ចល្អជាស្នូល ដែលធានាឲ្យ សេដ្ឋកិច្ចជាតិមានការរីកចំរើន ជាពិសេសគឺការអភិរក្សជលផល និងបង្កើនធនធានមច្ឆាជាតិឲ្យគង់វង្ស ដើម្បីរួមចំណែកដោះស្រាយជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា ដើម្បីអនុវត្តច្បាប់ និងលិខិតបទដ្ឋាន ដែលពាក់ព័ន្ឋនឹងច្បាប់នេះ ឲ្យមានប្រសិទ្ធភាព យើងទាំងអស់គ្នា គប្បីចូលរួមអនុវត្ត ឲ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយច្បាប់នេះបន្តនៅគ្រប់ទីកន្លែង ព្រមទាំង ប្រជាពលរដ្ឋយល់ដឹង គ្រប់ៗគ្នា ចៀសវាងការប្រព្រឹត្តខុសឆ្គងដែលត្រូវទទួលទោសតាមច្បាប់កំណត់ ។ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋគ្រប់រូបមេត្តាចូលរួម តាមដាន ស្រាវជ្រាវ និងស្វែងរកភស្តុតាង ឲ្យបានច្បាស់លើ អ្នកប្រកបមុខរបរនេសាទ មិនត្រឹមត្រូវតាមច្បាប់ ដែលធ្វើឲ្យប៉ះ ពាល់ដល់មច្ឆាជាតិ។ ត្រូវផ្តល់ពត៌មានមកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ភ្លាមៗដើម្បីចាត់ វិធានការបង្ក្រាបបទល្មើសនេសាទតាមនីតិវិធីច្បាប់ ៕