ពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីភូមិបាល នៅស្រុកប្រាសាទបល្ល័ង្ក

ក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយនឹង អាជ្ញាធរ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ បានប្រារព្ធពិធី ផ្សព្វផ្សាយ ច្បាប់ស្តីពីភូមិបាល នៅស្រុកប្រាសាទ បល្ល័ង្ក ដោយមានប្រជាពលរដ្ឋ ចូលរួមជាច្រើននាក់។ លោក ញឹក បានខេង ប្រធានមន្ទីរ ទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានមតិស្វាគមន៍ គណៈអធិបតី និងគូសបញ្ជាក់ អំពីភូមិសាស្ត្រ និងតំបន់ព្រៃឈើ ក្នុងខេត្តកំពង់ធំ និងបញ្ហាមួយចំនួន ក្នុងការវិវាទដីធ្លី។

 

លោកបានបន្តថា ជាការចាំបាច់បំផុត ដែលយើងធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីភូមិបាលដើម្បី បញ្ជ្រៀបការយល់ដឹង ដល់ អាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ។

បន្ទាប់មកអង្គពិធីទាំងមូលបាន តាមដានស្វែងយល់ ការផ្សព្វផ្សាយ ច្បាប់ស្តីពីភូមិបាល ដែលធ្វើការពន្យល់ពីក្រុមការងារ ឧទ្ទេសនាមពីក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម សោម សុផាត អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ សំណេះសំណាល លើកឡើងគូសបញ្ជាក់ បន្ថែមជុំវិញច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ឋ សំដៅអោយការ អនុវត្តច្បាប់នេះបាន ល្អប្រសើរ រួមចំណែកកាត់បន្ថយ ទំនាស់វិវាទដីធ្លី ក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះដែរ គណៈអធិបតីបានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែង លើវិស័យដីធ្លីនេះ ទាំងជំនាញ សុរិយោដី ទាំងអាជ្ញាធរខេត្ត បានអនុវត្តយ៉ាង សកម្មទៅតាម កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៤ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ គោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ក្នុងការចែក ជូនប្រជាពលរដ្ឋ ធ្វើជាកម្មសិទ្ធិ ស្របច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើក កំពស់ជីវភាព រស់នៅរបស់ប្រជាពល រដ្ឋអោយមានការរីកចំរើន។

ចុងក្រោយ គណៈអធិបតីបានមាន ប្រសាសន៍ផ្តាំផ្ញើ អាជ្ញាធរមូលដ្ឋាន កងកម្លាំង ប្រដាប់អាវុធគ្រប់ អង្គភាព មន្រ្តីរាជការ ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូ-អ្នកគ្រូ និងប្រជាពលរដ្ឋ ទាំងអស់ ពេលវិលត្រឡប់ ទៅដល់មូលដ្ឋានវិញ ជួយផ្សព្វផ្សាយច្បាប់ ភូមិបាលនេះ ជូនដល់មន្រ្តី ក្រោមឱវាទ និងប្រជាពលរដ្ឋ ក្នុងភូមិ ឃុំ ដើម្បីបញ្ឈប់ សកម្មភាព ផ្សេងៗ ដែលទាក់ទងនឹងការ រំលោភយកដីរដ្ឋ និងដីកម្មសិទ្ធជន ជៀសវាសការ ប្រព្រឹត្តខុសដែលនាំ អោយមានការដាក់ទោស តាមច្បាប់ភូមិបាលបាន កំណត់៕