​ពិធី​ផ្សព្វ​ផ្សាយ​ ច្បាប់​​ភូមិបាល​​ នៅ​ស្រុក​អណ្តូងមាស​ ខេត្តរតនៈគីរី

កាលពីថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៣ នៅក្នុង ស្រុកអណ្តូងមាស ខេត្ដរតនគិរី មានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ភូមិបាល ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុំ រុំ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

ពិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមសហការជាមួយរដ្ឋបាលដែនដី ខេត្ដរតនគិរី ដោយមានការចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរ លោកអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ២៣៤ នាក់ ស្រីចំនួន ៥៨ នាក់ ។

ជាកិច្ចស្វាគមន៍ លោក នង ដារិទ្ធ អភិបាលស្រុកអណ្តូងមាស បានទ្បើងធ្វើរបាយការណ៍ស្វាគមន៍ចំពោះ គណ:អធិបតី ដោយសង្ខេបអំពីលក្ខណៈភូមិសាស្រ្ត ប្រជាសាស្រ្ត និងបានបញ្ជាក់ថាជារៀងរាល់ឆ្នាំ អាជ្ញាធរស្រុក បានសហការជាមួយសមត្ថកិច្ច ចុះផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានផ្សេងៗដូចជា ច្បាប់ព្រៃឈើ បទបញ្ជា បញ្ហាដីសម្បទាន ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព។ល។ឆ្លងតាមការផ្សព្វផ្សាយនេះឃើញថាប្រជាពលរដ្ឋមួយចំនួន មានការយល់ដឹង មួយចំនួនទៀតគឺគាត់មិនមានការយល់ដឹងនៅឡើយ ពិសេសបញ្ហាដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាល បានធ្វើការវិនិយោគឱ្យក្រុមហ៊ុន។

មានប្រសាសន៍បើកពិធីផ្សព្វផ្សាយច្បាប់ ឯកឧត្ដម ស៊ុំ រុំ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានគូសបញ្ជាក់ក្នុងអត្ថន័យយ៉ាងដូច្នេះថាៈ តាងនាមថ្នាក់ដឹកនាំក្រសួង និងរូបឯកឧត្តមផ្ទាល់ សូមថ្លែងអំណរគុណដល់អាជ្ញាធររដ្ឋបាលដែនដី និងប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់គ្នា ដែលធ្វើឱ្យពិធីផ្សព្វផ្សាយប្រកបដោយភាពស្និទ្ធិស្នាល និងរីករាយ ។ ឯកឧត្ដម បានបន្តថា ការរីកចំរើននៃហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលបានខិតខំកសាងឡើង ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសជាតិយើង តែទន្ទឹមនឹងនេះ ក៏មានបញ្ហាមួយចំនួនធ្វើការរាំងស្ទះដល់ការអភិវឌ្ឍន៍នេះផងដែរ ហើយចំនុចអសកម្មទាំងនេះ រាជរដ្ឋាភិបាលក៏បានខិតខំលុបបំបាត់ ដោះស្រាយដើម្បីស្ថេរភាព និងសន្តិសុខសង្គម ជូនប្រជាពលរដ្ឋ ផងដែរ។ ឯកឧត្ដម បានបញ្ជាក់ថា នៅអាណត្តិទីប្រាំនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីការបំបាត់នៅអំពើរំលោភយកដីប្រជាពលរដ្ឋ និងអំពើពុករលួយ និងមានវិធានការតាមផ្លូវច្បាប់ជាមិនខាន។ ប្រជាពលរដ្ឋម្នាក់ៗសុទ្ធតែមានសិទ្ធិទទួលការការពារដោយច្បាប់ និងមានកាតព្វកិច្ចតាមផ្លូវច្បាប់ដែរ ដូចនេះ យើងទាំងអស់គ្នាត្រូវតែគោរពច្បាប់ និងអនុវត្តន៏តាមច្បាប់។ ឯកឧត្ដម បានបន្តទៀតថា ប្រទេសនីមួយៗគ្រប់គ្រង សកម្មភាពមនុស្សដោយច្បាប់ ឧទាហរណ៍ ច្បាប់ស្តីពី វិស័យគ្រប់គ្រងដីធ្លី ព្រោះដីធ្លីជាអាយុជីវិតរបស់ប្រជាពលរដ្ឋ យើងសំរាប់ការរស់នៅប្រចាំថ្ងៃ។ ទាក់ទងនិងការផ្សព្វផ្សាយច្បាប់ ឯកឧត្ដម បានបន្ថែមថា ក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមកធ្វើការផ្សព្វផ្សាយនាពេលនេះ គឺចង់ឱ្យប្រជាពលរដ្ឋបានយល់ដឹងអំពី សារៈសំខាន់នៃដីធ្លី ដែលយើងបានកាន់កាប់នាពេលបច្ចុប្បន្ននេះ និងចូលរួមអនុវត្តទាំងអស់គ្នាដើម្បីទប់ស្កាត់ការ រំលោភបំពានកម្មសិទ្ធិអ្នកដទៃ ដើម្បីផលប្រយោជន៍ក្រុមគ្រួសាររបស់ខ្លួននោះ ព្រោះបើយើងប្រព្រឹត្តខុសទៅនឹង ច្បាប់បានហាមឃាត់ គឺយើងម្នាក់ៗជាអ្នកទទួលខុសចំពោះមុខច្បាប់។

លោក ចែម ជឿន អនុប្រធានការិយាល័យ បានទ្បើងធ្វើបទឧទ្ទេសនាមច្បាប់ ភូមិបាល ដោយបានលើកយកនូវជំពូក និងមាត្រាសំខាន់ៗមួយចំនួនដូចជា កម្មសិទ្ធិសាធារណៈ កម្មសិទ្ធិឯកជន លទ្ធកម្មនៃកម្មសិទ្ធិ និងការចុះបញ្ជីដី មកពន្យល់ជូនសមាជិក-សមាជិកា ដែលបានអញ្ជើញចូលរួមឱ្យបានយល់ដឹង។

ពិធីផ្សព្វផ្សាយនាឱកាសនេះទទួលបានសំណួរសរុបចំនួន ៥២ សំណួរ និងបានបកស្រាយជូនដោយ   លោក សំ សែនចំរុង អនុប្រធាននាយកដ្ឋានអប់រំសិក្សា ផ្សព្វផ្សាយច្បាប់់ ទាក់ទងនឹងច្បាប់ ចំណែកឯសំណួរផ្សេងទៀតដែលទាក់ទងជំនាញ និងការអនុវត្តន៍ជាក់ស្ដែងត្រូវបាន លោក នង ដារិទ្ធ  អភិបាលស្រុកអណ្តូងមាស ជាអ្នកឆ្លើយបំភ្លឺជូន ។

មានមតិផ្ដាំផ្ញើ បូកសរុបបិទកម្មវិធី លោក នង ដារិទ្ធ អភិបាលស្រុកអណ្តូងមាស បានមានប្រសាសន៍ថា តាងនាមថ្នាក់ដឹកនាំស្រុក និងក្នុងនាមរូបលោកផ្ទាល់ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចដែលបានចុះមកធ្វើការផ្សព្វផ្សាយច្បាប់ ភូមិបាល ជូនដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋឱ្យបានយល់ដឹងបន្ថែមទៀតនាឱកាសនេះ។ លោកអភិបាលស្រុក បានបន្ថែមថា បញ្ហាទំនាស់ដីធ្លីកើតឡើងស្ទើរតែគ្រប់ទីកន្លែង នេះដោយសារការរំលោភបំពានសិទ្ធិគ្នាទៅវិញទៅមក ក្នុងនោះមាន ការកាប់បំផ្លាញព្រៃយកដីយ៉ាងអាណាធិបតេយ្យផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវស្វែងយល់អំពីច្បាប់ ភូមិបាលឱ្យបានច្បាស់លាស់ តាមរយៈការផ្សព្វផ្សាយនាពេលនេះ ព្រោះច្បាប់នេះពិតជាមានសារៈសំខាន់ណាស់ដែល ទាក់ទងការរស់នៅរបស់យើងប្រចាំថ្ងៃ និងដើម្បីចៀសវាងរំលោភកម្មសិទ្ធិអ្នកដទៃ ។ ចំពោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងទន្លេសេសានដែល បានទទួលរងគ្រោះធម្មជាតិទឹកជំនន់បាក់ដីបាត់បង់ផ្ទះសម្បែង និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ ដែលមិនមាន ដីគឺ អាជ្ញាធរស្រុកក៏បានយកចិត្តទុកដាក់ផងដែរ ដោយដាក់ពាក្យស្នើសុំទៅខាងគណៈអភិបាលខេត្តឱ្យជួយដោះស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋ ដែលរងគ្រោះទទួលបានដីពីរដ្ឋផ្តល់ឱ្យតាមរយៈដីសម្បទានសង្គមកិច្ច។