​ពិធី​ផ្សព្វ​ផ្សាយ​ច្បាប់​​ស្តីពី​​ចរាចរណ៍​​ផ្លូវ​គោក​ នៅ​ក្រុង​បាន​លុង​ ខេត្តរតនៈគីរី

កាលពីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ នៅសាលមហោស្រពរតនៈសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ខេត្តរតនៈគីរី មានរៀបចំពិធីផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម ណាប់ ប៊ុនហេង អភិបាលរងខេត្ដរតនៈគីរី ដោយមានការចូលរួមពីអស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មកពីវិទ្យាល័យ និងអនុវិទ្យាល័យជាច្រើននាក់ ក្នុងក្រុងបានលុង។

លោក លី វិន អភិបាលក្រុងបានលុង បានមានប្រសាសន៍ថាកន្លងទៅការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅខេត្ដរតនៈគីរី មិនទាន់បានផុសផុលនៅឡើយ ដូច្នេះ ឱកាសនេះ គឺជាពេលវេលាដ៏មានសារៈសំខាន់ ដែលអស់លោក លោកស្រី និងសិស្សានុសិស្សទាំងអស់ត្រូវនាំគ្នាចោទជាសំណួរ ឱ្យបានច្រើន។

ឯកឧត្តម ស៊ុំ រុំ បានមានប្រសាសន៍ថា ច្បាប់ចរាចរណ៍ផ្លូវគោក តម្រូវឱ្យមន្ដ្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូបយល់ដឹង ដើម្បីរួមគ្នាទប់ស្កាត់ កុំឱ្យមានការកើនឡើងអត្រា គ្រោះថ្នាក់ចរាចរ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរងរបួសជាបន្ដបន្ទាប់ ហើយម្នាក់ៗត្រូវនាំគ្នាអនុវត្ដតាម អនុសាសន៍របស់សម្ដេច “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។ បច្ចុប្បន្ននេះ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មិនតិចក្រោម ៥នាក់នោះទេ ក្នុងមួយថ្ងៃ ហើយរាជរដ្ឋាភិបាលបានខាតបង់ថវិកាប្រមាណ ៣៥០លានដុល្លារ ក្នុងមួយឆ្នាំៗ ដែលកត្តាទាំងអស់នេះបណ្តាលមកពីកត្ដា ៣ យ៉ាង គឺ៖ កត្ដាមនុស្ស ផ្លូវថ្នល់ និងយានយន្ដ ។ ក្នុងនោះកត្ដាមនុស្សភាគច្រើនបណ្ដាលមកពី ស្រវឹង ផ្លូវថ្នល់ស្អាត អ្នកបើកបរក្នុងល្បឿនលឿនហួសកំណត់ និងកត្ដាយានយន្ដគឺការធ្វេសប្រហែសមិនប្រុងប្រយ័ត្ន របស់អ្នកបើកបរ ។

តាមរយៈពិធីផ្សព្វផ្សាយនេះ អង្គពិធីបានផ្តាំផ្ញើ ដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ជួយផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងចូលរួមអនុវត្តឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍៕