​ពិធី​ផ្សព្វ​ផ្សាយ​ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​​​ នៅ​ស្រុក​ពេជ្រាដា និង​ស្រុក​អូររាំង​​ ខេត្តមណ្ឌលគីរី

កាលពីថ្ងៃទី ២៤ និងថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៣ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមសហការជាមួយរដ្ឋបាលដែនដីខេត្ដមណ្ឌលគិរី រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅក្នុងបរិវេណវិទ្យាល័យ ទឹកជ្រោះប៊ូស្រាស្រុកពេជ្រាដា និងក្នុងបរិវេណវិទ្យាល័យអូររាំង ស្រុកអូររាំង ខេត្ដមណ្ឌលគិរី។

ពិធីផ្សព្វផ្សាយនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ស៊ុំំ រុំ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង លោក តាន់ ណាវណ្ណ អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងដោយមានការចូលរួមពីប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានមន្ទីរ អភិបាល អភិបាលរង មន្ដ្រីរាជការ កងកំលាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ៤៨៨នាក់ ស្រីចំនួន ២៦៤នាក់ ដែលក្នុងនោះស្រុកពេជ្រាដាអ្នកចូលរួមសរុប ២១០នាក់ ស្រី ៩៩នាក់ និងស្រុកអូររាំង អ្នកចូលរួមសរុប ២៧៨ នាក់ ស្រី ១៦៥ នាក់។
            មានមតិស្វាគមន៍ ក្នុងការផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកនាឱកាសនោះ លោក នួន សារ៉ន អភិបាលស្រុកពេជ្រាដា បានជម្រាបជូនគណៈអធិបតីដោយសង្ខេបអំពីលក្ខណៈ ភូមិសាស្រ្ត ប្រជាសាស្រ្ត ក្នុងស្រុកពេជ្រាដា ព្រមទាំងបានបញ្ជាក់ថាក្នុងនាមអភិបាលនៃគណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់នាថ្ងៃនេះពិតជាមាន សារៈសំខាន់ណាស់សំរាប់យកទៅអនុវត្ត និងបង្កើនបន្ថែមនូវការយល់ដឹងអំពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក  និងជួយផ្សព្វផ្សាយចំណេះដឹងនេះបន្តដល់ប្រជាពលរដ្ឋផ្សេងទៀតក្នុង សហគមន៍ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយ នូវគ្រោះថ្នាក់ ដែលកើតឡើងអំពីការធ្វើចរាចរណ៍ផ្លូវគោក។
            ក្រោយពីរាយការណ៍ដោយសង្ខេប ស្តីពីស្ថានភាពភូមិសាស្រ្តក្នុងស្រុកអូររាំងលោក ស៊ីន ស៊ិន អភិបាលស្រុកអូររាំង បានមានប្រសាសន៍ថា ពិធីផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នាឱកាសនេះពិតជាមានសារៈសំខាន់ណាស់ ដើម្បីពង្រីកការយល់ដឹងបន្ថែមទៀត ដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ឱ្យអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាពទូទៅនៃការធ្វើចរាចរណ៍ផ្លូវគោក។
            ថ្លែងបើកពិធីផ្សព្វផ្សាយច្បាប់ ឯកឧត្ដម ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថាៈ ប្រទេសជាតិ បន្ទាប់ពីរួចផុតពីសង្រ្គាមរ៉ាំរ៉ៃអស់ជាច្រើនទសវត្សរ៍ កន្លងមក ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកសាងប្រទេសជាតិឆ្ពោះទៅកាន់ភាពរីកចម្រើនក្នុងនោះហេដ្ឋារចនា សម្ធ័ន្ពដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាពិសេសផ្លូវថ្នល់ ត្រូវបានកសាងឡើង ដើម្បីឲ្យការធ្វើដំណើរកាន់តែមានភាពងាយស្រួល និងប្រសើរឡើងដែលខុសប្លែកពីពេលមុនយើងតែងតែជួបប្រទះ និងការលំបាកក្នុងពេល ធ្វើដំណើរ។ ឯកឧត្ដម បានបន្តថា បច្ចុប្បន្ននេះដោយសារតែជីវភាពរបស់ប្រជាពលរដ្ឋមានលក្ខណៈល្អ ប្រសើរ ជាងមុន ជាហេតុធ្វើឱ្យចំនួនមនុស្ស និងយានយន្ដគ្រប់ប្រភេទមានការកើនឡើង ហើយបណ្ដាលឱ្យគ្រោះថ្នាក់ ចរាចរណ៍ កើតមានឡើងរៀងរាល់ថ្ងៃ និងធ្វើឱ្យជីវិតមនុស្សក្នុងមួយថ្ងៃៗមិនក្រោមពី ៥ នាក់ទេ ដែលត្រូវបានស្លាប់ វាច្រើនជាងការស្លាប់ដោយសារជម្ងឺអេដស៍ ការធ្វើសង្គ្រាម និងគ្រាប់មីនទៅទៀត។ លើសពីនេះទៅទៀតគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិរបស់រដ្ឋអស់រាប់រយលាន ដុល្លារក្នុងមួយឆ្នាំៗ ដែលបញ្ហានេះជាទុក្ខ កង្វល់របស់រាជរដ្ឋាភិបាល ដែលត្រូវតែដោះស្រាយ។ ដូច្នេះដើម្បីជំនះនឹងបញ្ហាអសកម្មដែលបានកើតឡើង ទាំងនេះ ឯកឧត្តមក៏បានសំណូមពរថា ក្នុងនាមយើងជាប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ក្នុងគោលបំណងការពារនូវផលប្រយោជន៍ ទំាងរដ្ឋ និងឯកជន ការពារជីវិតខ្លួនឯងផង អ្នកដទៃផង និងភាពសុខសាន្ត ក្នុងសង្គមជាតិទាំងមូលផង។

លោក ចែម ជឿន អនុប្រធានការិយាល័យ បានទ្បើងធ្វើបទឧទ្ទេសនាមច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដោយបានលើកយកនូវជំពូកនិងមាត្រាសំខាន់ៗមួយចំនួនដូចជា ការបើកបរយានជំនិះ សញ្ញាចរាចរណ៍ លក្ខខណ្ឌនៃអ្នក បើកបរយានយន្ត សមត្ថកិច្ចរបស់មន្រ្តីនគរបាលចរាចរណ៍ ការផាកពិន័យ និងទោសប្បញ្ញត្តិ មកពន្យល់ជូន សមាជិក-សមាជិកាដែលបានអញ្ជើញចូលរួមបានយល់ដឹង។

ពិធីផ្សព្វផ្សាយនាឱកាសនេះទទួលបានសំណួរសរុបចំនួន ១៦៦ សំណួរ និងបានធ្វើការឆ្លើយជូនដោយ ក្រុមការងារ រីឯសំណួរផ្សេងទៀត ដែលទាក់ទងជំនាញ ការផាកពិន័យ និងការអនុវត្តន៍ជាក់ស្ដែងត្រូវបានលោក វរសេនីយ៍ត្រី ពៅ សុវណ្ណារិទ្ធ អធិការស្រុកពេជ្រាដា និងលោក ស៊ិន សុហេង អនុសេនីយ៏ត្រីចរាចរណ៍ស្រុកអូររាំង ជាអ្នកឆ្លើយបំភ្លឺជូន ។

មានមតិសំណេះសំណាល បូកសរុបបិទពិធីផ្សព្វផ្សាយច្បាប់នាឱកាសនោះ លោក តាន់ ណាវណ្ណ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគីរីបានថ្លែងថា រាជរដ្ឋាភិបាលបច្ចុប្បន្នដែលមាន សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងគោលដៅពង្រឹងថែមទៀតនូវសុខសន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមជូនដល់ប្រជាពលរដ្ឋ ដើម្បីធានា ពង្រឹងលក្ខខណ្ឌគ្រឹះនៃការកសាង និងកែទម្រង់រដ្ឋ សម្រាប់ការបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍន៍ជាតិ និងកាត់បន្ថយភាពក្រីក្រ។ លោកអភិបាលរងខេត្ត បានបញ្ជាក់ថាចរាចរណ៍ផ្លូវគោក បានក្លាយជាវិញ្ញាសារដ៏ចម្បង ហើយបានផ្ដល់ជាការព្រួយបារម្ភយ៉ាងខ្លាំង របស់រាជរដ្ឋាភិបាលដោយហេតុថាករណីនេះ តែងតែបង្កជាគ្រោះថ្នាក់ចរាចរណ៍ ហើយធ្វើឱ្យអត្រានៃមនុស្សស្លាប់ រងរបួសពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនទ្បើងជាលំដាប់ នេះយើងមិនទាន់និយាយទៅដល់ការបន្សល់ទុកស្រ្ដីមេម៉ាយ កូនកំព្រា ការនិរាសព្រាត់ប្រាស់ក្នុងគ្រួសារ និងជនពិកានៅទ្បើយ។ មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីកត្តាមនុស្សមិនគោរពច្បាប់ បើកបរលឿនហួសច្បាប់កំណត់ បើកបរធ្វេសប្រហែស និងបើកបរ ក្នុងពេលស្រវឹងជាដើម។ លោកអភិបាលរងខេត្ត បានបន្តទៀតថាដើម្បីឆ្លើយតបនឹងស្ថានភាពគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ នាពេលបច្ចុប្បន្ននេះ ទើបក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឺទ្ធសភា និងអធិការកិច្ច រួមសហការជាមួយមន្ទីរ និងអង្គភាពជំនាញ បានធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកនៅពេលនេះក្នុងគោលបំណងដាស់ស្មារតីប្រជាពលរដ្ឋទាំងមូល ដែលបានប្រើប្រាស់ផ្លូវថ្នល់ ឱ្យខិតខំផ្លាស់ប្ដូរឥរិយាបថដែលធ្លាប់តែមានភាពអនាធិបតេយ្យ មិនគោរពច្បាប់ មកប្រកាន់យកឥរិយាបថដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ចេះអធ្យាស្រ័យគ្នា និងគោរពច្បាប់ចរាចរណ៍វិញនៅពេលធ្វើដំណើរ។