​ពិធី​ផ្សព្វផ្សាយ​ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​​​ នៅ​ខេត្តព្រះសីហនុ

កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមសហការជាមួយរដ្ឋបាលដែនដីខេត្តព្រះសីហនុ បានរៀបចំពិធី ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅសណ្ឋាគារឆ្នេរជលសារ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ព្រះសីហនុ។

អញ្ជើញជាអធិបតីចូលរួមក្នុងអង្គពិធី រួមមានឯកឧត្តម ទូច រិទ្ធី អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម ស្បោង សារ៉ាត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងដោយមានការអញ្ជើញចូលរួមពី អភិបាលក្រុង ស្រុកទាំង៤ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ក្រុមកាយរិទ្ធិ យុវជនកាកបាទក្រហម សិស្ស និស្សិត ជុំវិញខេត្តព្រះសីហនុ ប្រមាណ ៣៦០នាក់ ផងដែរ។

លោក អេង តែតតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តព្រះសីហនុ បានលើកឡើងថា កន្លងមកបញ្ហាគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានជាញឹកញាប់ តាមផ្លូវជាតិ និងតាមផ្លូវនានាក្នុងខេត្ត ដែលនេះនៅតែជាបញ្ហាក្តៅគគុក ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាវិញ្ញាសារដ៏សំខាន់មួយសម្រាប់អ្នកប្រើប្រាស់ផ្លូវគ្រប់ៗគ្នា ហើយវាជាឃាតកតាមដងផ្លូវ ដែលបង្កឲ្យមានមនុស្សរងរបួស និងស្លាប់ ដោយឥតរើសមុខ ព្រមទាំងបណ្តាលឲ្យបាត់បង់ ធនធានមនុស្ស ទ្រព្យសម្បត្តិ ឯកជន សាធារណៈ យ៉ាង ច្រើនសន្ធឹកសន្ធាប់។ តាមការសិក្សាស្រាវជ្រាវ លើបញ្ហាគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក ដែលបណ្តាលឱ្យមានការរងរបួសភាគច្រើន គឺកើតឡើងដោយសារកំហុសឆ្គងរបស់មនុស្ស ដែលកំហុសទាំងនោះ ទាក់ទងនឹងការមិនពាក់មួកសុវត្ថិភាព ក្រោមឥទ្ធិពលជាតិស្រវឹង បើកបរហួសល្បឿនកំណត់ជាដើម។

ថ្លែងសុន្ទរកថាបើកអង្គពិធី ឯកឧត្តម ទូច រិទ្ធី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើកំណែទម្រង់ជាច្រើន ដើម្បីកំណើន ការងារសមធម៌ និងប្រសិទ្ធិភាព នៅកម្ពុជា ។ វិស័យជាអាទិភាពសំខាន់ៗ កំពុងត្រូវបានយកចិត្តទុកដាក់ និងជំរុញយ៉ាងខ្លាំងលើការកសាងហេដ្ឋារចនាសម្ព័ន្ធទឹក ភ្លើង ផ្លូវ ស្ពាន ការលើកស្ទួយវិស័យកសិកម្ម ការអភិវឌ្ឍន៍ជនបទ ការលើកស្ទួយវិស័យសុខាភិបាល និងអប់រំ ដែលធ្វើឱ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែមានការប្រែប្រួលល្អជាលំដាប់។ ជាមួយនេះ រាជរដ្ឋាភិបាលបានកសាងសេចក្តីព្រៀងច្បាប់ជាច្រើន រួចបញ្ជូនទៅសុំការអនុម័ត ការយល់ព្រមពីរដ្ឋសភា ព្រឹទ្ធសភា ជាពិសេស ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលច្បាប់ទាំងនោះ សុទ្ធតែទាក់ទង ទៅនឹងដីធ្លី ទ្រព្យសម្បត្តិរបស់រដ្ឋ ទ្រព្យសម្បត្តិឯកជន ដែលធានាបាននូវសណ្តាប់ធ្នាប់សន្តិសុខសាធារណៈ ជួនប្រជាពលរដ្ឋ។ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាល ប្រគល់បេសកកម្ម ឱ្យដឹកនាំគ្រប់គ្រងរាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើអធិការកិច្ចលើគ្រប់វិស័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ព្រមទាំងរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ជូនប្រជាពលរដ្ឋឱ្យបានយល់ដឹង និងប្រតិបត្តិតាម។ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៦ មាន១២ជំពូក ចែកចេញជា ៩៥មាត្រា ហើយបានធ្វើវិសោទនកម្មកាន់តែសុក្រឹតថែមទៀត ដើម្បីឆ្លើយតបសេចក្តីត្រូវការ នៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសជាតិ ក៏ដូចជាការធ្វើសមាហរណកម្មកម្ពុជា នៅក្នុងសមាគមអាស៊ាន ឱ្យបានពេញលេញ ក្នុងវិស័យ ចរាចរណ៍ផ្លូវគោក។ ពិសេស គឺធានារក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងការ ធ្វើចរាចរណ៍លើផ្លូវថ្នល់ ការពារអាយុជីវិតមនុស្ស សត្វ ការពារបរិស្ថាន ទប់ស្កាត់ការប៉ះពាល់សុខភាពមនុស្ស ការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ផ្លាស់ប្តូរឥរិយាបទអ្នកប្រើប្រាស់ផ្លូវ ដែលមានទម្លាប់មិនគោរពច្បាប់ចរាចរណ៍ និងប្រមាថអាយុជីវិតអ្នកដទៃ និងអប់រំឱ្យគេយល់ និងស្គាល់ច្បាប់ ចេះរក្សាសេចក្តីថ្លៃថ្នូរ ស័ក្តិសមជាពលរដ្ឋមានអរិយធម៌ខ្ពង់ខ្ពស់ មានសីលធម៌ក្នុងការបើកបរ និងបង្រៀនឱ្យគេយល់ថា ការគោរពច្បាប់ចរាចរណ៍ គឺជាការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់គេផង និងរបស់អ្នកដទៃផងដែរ។ តាមរយៈការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រាជរដ្ឋាភិបាលសង្ឃឹមថា នឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានលទ្ធភាពកាត់បន្ថយ ជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ ដែលមានចំនួន ច្រើនក្នុងពេលបច្ចុប្បន្ន ហើយជាមួយគ្នានេះនឹងកាត់បន្ថយ នូវការចំណាយខាតបង់សេដ្ឋកិច្ច ដែលកើត ចេញពីគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយផលវិបាកអវិជ្ជមានដល់សង្គមជាតិ ដូចជាក្មេងកំព្រា ជនពិការ ស្រ្តីម៉េម៉ាយ និងភាពក្រីក្ររបស់ប្រជាពលរដ្ឋជាដើម។

លោក អ៊ុន សុភាព អនុប្រធាននាយកដ្ឋានអប់រំសិក្សាផ្សព្វផ្សាយច្បាប់ បានទ្បើងធ្វើបទឧទ្ទេសនាមច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដោយបានលើកយកនូវជំពូកនិងមាត្រាសំខាន់ៗមួយចំនួនដូចជា ការបើកបរយានជំនិះ សញ្ញាចរាចរណ៍ លក្ខខណ្ឌនៃអ្នកបើកបរយានយន្ត សមត្ថកិច្ចរបស់មន្រ្តីនគរបាលចរាចរណ៍ ការផាកពិន័យ និងទោសប្បញ្ញត្តិ មកពន្យល់ជូន សមាជិក-សមាជិកាដែលបានអញ្ជើញចូលរួមបានយល់ដឹង។

ថ្លែងសុន្ទរកថាបិទអង្គពិធី ឯកឧត្តម ស្បោង សារ៉ាត បានលើកឡើងថា សង្គមដែលរឹងមាំ គឺអាស្រ័យលើការគ្រប់គ្រងដោយច្បាប់ គោរពច្បាប់ និងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនោះ នឹងនាំមកនូវយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងធានាបាននូវសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទាំងមូល។ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវ ដល់សមាជិក សមាជិកា ក្នុងពិធីនោះថា អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវស្វែងយល់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការមួយចំនួន ដែលមានចែងក្នុងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក មានដូចជា ត្រូវមានស្លាកសម្គាល់យានយន្ត ត្រូវមានប័ណ្ណបើកបរ បើកបរត្រូវមានស្មារតីប្រុងប្រយ័ត្ន ត្រូវពាក់មួក និងខ្សែក្រវ៉ាត់សុវត្ថិភាពជាដាច់ខាត មិនត្រូវបើកបរហួសល្បឿន និងផ្ទុកមនុសុ្ស ឬទំនិញលើសចំនួនកំណត់ និងពេលបើកបរហាមពិសារជាតិស្រវឹង៕