ពិធីផ្សព្វផ្សាយ​ច្បាប់ ​ស្ដីពី​ព្រៃឈើ នៅ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ

កាលពី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពីព្រៃឈើ នៅស្រុកព្រៃនប់ ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាភូមិ ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច។

ឯកឧត្តម ស៊ុំ រុំ បានមានប្រសាសន៍សំណេះសំណាល កោតសរសើរការខិតខំយកអស់កម្លាំងកាយចិត្តក្នុងការរៀបចំផ្សព្វផ្សាយ ច្បាប់ស្ដីពីព្រៃឈើ ក្នុងគោលបំណងស្វែងយល់កាន់តែច្បាស់អំពីសិទ្ធិ និងករណីកិច្ចរបស់ខ្លួន ដើម្បីអនុវត្តបន្តនូវច្បាប់ប្រកបដោយប្រសិទ្ធភាព និងឆ្លុះបញ្ចាំងឲ្យឃើញពីការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការ ចូលរួមចំណែកការពារធនធានព្រៃឈើប្រកបដោយនិរន្តរភាពនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាល ទី០៥ នៃរដ្ឋសភា ដែលបានផ្ដោតការយកចិត្តទុកដាក់ជាសំខាន់លើការធានាឲ្យបាននូវការ គ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព តាមរយៈការបង្កើតឡើងនូវគោលនយោបាយគ្រប់គ្រងព្រៃឈើ និងអនុវត្តកម្មវិធីអភិវឌ្ឍន៍សហគមន៍ព្រៃឈើមួយឲ្យមានភាពរឹងមាំ មានតម្លាភាព ព្រមទាំងមានការគ្រប់គ្រងដោយផ្ទាល់របស់អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងតំបន់។

ឯកឧត្តម មានប្រសាសន៍បន្តថា ព្រៃឈើជាសម្បត្តិមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយជាផ្នែកមួយសំខាន់ក្នុងការផ្តល់ជាចំណូលសម្រាប់កិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ឲ្យទទួលបានការរីកចម្រើន ពិសេសជាងនេះទៀត ព្រៃឈើជាធនធានមួយយ៉ាងសំខាន់បំផុតសម្រាប់ជីវិតមនុស្ស សត្វ ជីវសាស្ត្រចម្រុះ និងធ្វើឲ្យមានលំនឹងធម្មជាតិ។ ព្រៃឈើជាដំបូលធម្មជាតិ ក្នុងការការពារស្រទាប់ផែនដី ហើយក៏មានតួនាទីសំខាន់ផងដែរក្នុងការធ្វើសំយោគជាមួយ កាំរស្មីព្រះអាទិត្យ និងស្រូបយកនូវឧស្ម័នកាបូនិច និងជាតិពុល។ ការបាត់បង់ព្រៃឈើនិងធ្វើឲ្យផែនដីក្លាយជាវាលរហោឋាន មានន័យស្មើនឹងបាត់បង់សត្វលោក រួមទាំងមនុស្សផងដែរ ព្រោះព្រៃឈើគឺជាជម្រកជាប្រភពចំណី និងជាប្រភពឱសថសម្រាប់មនុស្ស សត្វគ្រប់ប្រភេទ ព្រមទាំងជារនាំងធម្មជាតិសម្រាប់ទប់ទល់នឹងខ្យល់ព្យុះផងដែរ។ កន្លងមកមានការខិតខំប្រឹងប្រែងពីសមត្ថកិច្ច អាជ្ញាធរ ក្នុងការទប់ស្កាត់យ៉ាងណាក្តី ក៏យើងនៅតែសង្កេតឃើញមានសកម្មភាពបំផ្លិចបំផ្លាញព្រៃឈើរបស់មនុស្ស មួយចំនួនដូចជា ការទន្ទ្រានយកដីព្រៃធ្វើជាស្រែចម្ការ ការចាប់ដីយកមកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ ជាហេតុធ្វើឲ្យព្រៃឈើធ្លាក់ចុះគួរឲ្យព្រួយបារម្ភ។ ដោយមើលឃើញភាពហិនហោចនៃធនធានព្រៃឈើ រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការកែទម្រង់វិស័យព្រៃឈើជាបន្តបន្ទាប់តាមរយៈការបង្កើតឡើង នូវយន្តការជាច្រើន ពិសេសយន្តការច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា សំដៅការពារ ដកហូត ដាំបន្ថែម និងគ្រប់គ្រងអាជីវកម្មដីសម្បទានព្រៃឈើ ព្រមទាំងទប់ស្កាត់បទល្មើសព្រៃឈើនានា ដើម្បីរួមចំណែកថែរក្សាការពារព្រៃឈើឲ្យបានគង់វង្សទុកជាកេរ្តិ៍មរតក ដល់កូនចៅជំនាន់ក្រោយទៀត។

ឯកឧត្តម ក៏បានសំណូមពរដល់អាជ្ញាធរបន្តផ្សព្វផ្សាយច្បាប់ស្ដីពីព្រៃឈើដល់ ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងអំពីច្បាប់ និងសារៈសំខាន់នៃព្រៃឈើ ព្រោះកង្វះខាតនៃការយល់ដឹងអាចជាប្រភពនៃការប្រព្រឹត្តបទល្មើសការ កាប់បំផ្លាញព្រៃឈើជាដើមនៅតាមមូលដ្ឋាន៕