ឯកឧត្តម ហុង ឡុង ដឹកនាំ​កិច្ចប្រជុំ​ការងារព័ត៌មានវិទ្យាក្រសួង

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យក្រសួង និងជាប្រធានក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានប្រចាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីកំណត់ និងបែងចែកតួនាទី ភារកិច្ច ជូនដល់សមាជិកក្រុម។

ឯកឧត្តមប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា វិស័យព័ត៌មានវិទ្យានាពេលបច្ចុប្បន្នមានការរីកចម្រើន គួរឱ្យកត់សម្គាល់ ពិសេសចំនួនអ្នកតាមដានព័ត៌មានក្នុងបណ្តាញទំនាក់ទំនងសង្គមមានការកើនឡើងខ្ពស់។ ជាការឆ្លើយតបថ្នាក់ដឹកនាំក្រសួងបានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីទទួលខុសត្រូវលើការងារនេះ និងបន្តយន្តការក្នុងការអនុវត្តការងារទទួលបានប្រសិទ្ធភាពខ្ពស់ ពិសេសការចង់បានរបស់អ្នកទស្សនា ក្នុងការទាញយកព័ត៌មានពាក់ព័ន្ធនឹងវិស័យការងាររបស់ក្រសួង។ ឯកឧត្តមប្រធាន បានបញ្ជាក់ថាក្រុមការងារថ្មីនេះត្រូវបានកែសម្រួលចេញពីក្រុមការងារចាស់ដោយមានការផ្លាស់ប្តូរ បន្ថែមសមាសភាព និងសម្រួលតួនាទីភារកិច្ចមួយចំនួន ដើម្បីធានាដល់ប្រសិទ្ធភាពការងារ ក៏ដូចជាការឆ្លើយតបតាមបរិបទ និងយុគសម័យនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននាពេលបច្ចុប្បន្ន។

មុននឹងបញ្ចប់ ឯកឧត្តមប្រធាន បានសំណូមពរដល់សមាជិកទាំងអស់ត្រូវយកចិត្តទុកបង្កើនសមត្ថភាពនិងបន្តទំនាក់ទំនង សហការប្រមូលរាល់ព័ត៌មានដែលផ្តល់មកពីគ្រប់អង្គភាពចំណុះក្រសួងឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យការងារធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងគេហទំព័រ និងហ្វេសប៊ុកផេករបស់ក្រសួងទទួលបានប្រសិទ្ធភាពខ្ពស់៕