ពិធីបណ្តុះបណ្តាលច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

នាព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៣ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំបើកវគ្គបណ្តុះបណ្តាលច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលរៀបចំដោយនាយកដ្ឋានអប់រំសិក្សាផ្សព្វផ្សាយច្បាប់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ និងដោយមានការចូលរួមពីសមាជិក សមាជិកា ជាសិក្ខាកាម សរុបចំនួន ៣០ រូប ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីកសាងសមត្ថភាព ផ្តល់នូវចំណេះដឹង និងបទពិសោធន៍ ស្តីពីគ្រឿងញៀនជូនដល់សិក្ខាកាម ដែលជាមន្ត្រីជំនាញដើម្បីផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

មន្ត្រីជំនាញតំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន ០២ រូប បានធ្វើបទឧទ្ទេសនាមលម្អិតលើប្រធានបទ ១.អនុសញ្ញាអន្តរជាតិ គ្រឿងញៀនឆ្នាំ ១៩៦១ ឆ្នាំ ១៩៧១ និងឆ្នាំ ១៩៨៨, ២.ប្រវត្តិនៃការកកើតច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ៣.ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ ២០១២ និង ៤.ផលប៉ះពាល់នៃគ្រឿងញៀន ។
ក្នុងវគ្គនេះក៏បើកឱកាសដល់សិក្ខាកាមចោទជាសំណួរ និងចម្ងល់ និងធ្វើការបកស្រាយជូនដល់សិក្ខាកាមបានយល់កាន់តែ ច្បាស់ពីវគ្គបណ្តុះបណ្តាលនេះផងដែរ ។