មិត្តអ្នកអានជាទីគោរពរាប់អាន !

ដោយបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើនជាបន្តបន្ទាប់ រាជ​រដ្ឋាភិបាល​កម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម បានបន្តដាក់ឲ្យអនុវត្តនូវ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាលទី៣ ដែល​រៀបចំ​ឡើង​តាម​រចនាសម្ព័ន្ធមុំបួននៃចតុកោណប្រទាក់ក្រឡា និងផ្សារភ្ជាប់គ្នាគ្រប់ជ្រុង​ទាំងអស់ តំណាង​ឲ្យ​ស្ថិរភាព​និងចិរភាព​។ តាមន័យនេះជោគជ័យនៃការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណ នឹងនាំ​មក​ឲ្យ​កម្ពុជា​នូវស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចិរភាព។ យុទ្ធសាស្ត្រចតុកោណដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅ​កម្ពុជា មានអភិបាលកិច្ចល្អជាស្នូល ប្រកបដោយមុំ៤គឺ ការ​ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ កំណែទម្រង់ច្បាប់និងប្រព័ន្ធ​យុត្តិធម៌ កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ និងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធ។ រាជរដ្ឋាភិបាលបានកំណត់ការងារ​ជា​អាទិភាព លើប្រសិទ្ធភាពនៃសេវាសាធារណៈ ដោយប្រែក្លាយរដ្ឋបាលសាធារណៈ ពី​អ្នក​គ្រប់គ្រង​ទៅជាអ្នកផ្តល់សេវា សំដៅ​បំរើ ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ​ដោយ​ឈរ​លើ​គោលការណ៍និរន្តរភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​ចូលរួម​ចំណែក​អនុវត្ត​យ៉ាង​សកម្ម​តាម គោល​នយោ​បាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ស្រប​តាម​តួនាទី​និង​ភារកិច្ចរបស់ខ្លួ​ន ក្នុងបេសកកម្មដឹកនាំ គ្រប់គ្រង​រាល់កិច្ចការសម្របសម្រួល ធ្វើ​ទំនាក់​ទំនង​ជា​មួយ​រដ្ឋសភាព្រឹទ្ធសភា និងធ្វើអធិការកិច្ចលើគ្រប់វិស័យ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា សំដៅ​ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្ម​នានា

បេសកកម្មរបស់ក្រសួងចែកចេញជាពីរវិស័យសំខាន់គឺ ៖

១. វិស័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ដែល​ផ្តោត​លើ​ការ​កសាង​និង​ចូលរួម​កសាង​ច្បាប់ និង លិខិតបទ​ដ្ឋានគតិយុត្តិនានា ព្រមទាំង​ការ​ផ្សព្វផ្សាយ​ច្បាប់​ដែល​មាន​ជា​ធរមាន​ជូន​ដល់​ប្រជាពលរដ្ឋ សំដៅលើកកំពស់ ការយល់ដឹង​ពី​វិស័យច្បាប់ និង​ការគោរព​ច្បាប់​ឲ្យ​បាន​ទូលំ​ទូលាយ​ទូទាំងប្រទេស។

២. វិស័យអធិការកិច្ច ផ្តោតសំខាន់លើការត្រួតពិនិត្យ ការធ្វើអធិការកិច្ចលើគ្រប់វិស័យ និង​ការ​ទទួល​និងដោះស្រាយ​ពាក្យបណ្តឹង ការពារទ្រព្យសម្បត្តិរដ្ឋ ទ្រព្យសម្បត្តិ​ស្របច្បាប់​របស់​ប្រជា​ពលរដ្ឋ ប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយ​អំណាច និងបាតុភាពអសកម្ម លើក​កំពស់​អភិបាលកិច្ចល្អ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់។

ថ្ងៃនេះគឺជាការបោះជំហានថ្មីមួយទៀត របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច ដែល​បាន​​បង្កើតនិងដាក់ឲ្យទស្សនាគេហទំព័រ www.inspection.kh ក្នុងឆន្ទៈ​ផ្តល់ពន្លឺនិង‍‍ឱកាសថ្មីដល់ក្រសួង ស្ថាប័ន អង្គការ​ជាតិនិងអន្តរជាតិ សង្គមស៊ីវិល សិស្ស និស្សិត និងសាធារណជន ចូលរួមស្វែងយល់កាន់តែច្បាស់ពីការងារក្រសួង និង​អង្គភាព​ចំណុះ​ទាំង​អស់​របស់ក្រសួង។ គេហទំព័រនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយពង្រឹងស្ថាប័ន សម្រួល​ទំនាក់​​ទំនងការងារ ការសិក្សាស្រាវជ្រាវបង្កើនសមត្ថភាពមន្ត្រីរាជការរបស់ក្រសួង ទាំង​លើ​វិស័យ​ច្បាប់ ការងាររដ្ឋបាល ការងារ​ជំនាញ ការស្វែងយល់និងចែករំលែកបទពិសោធន៍ និង​ចំណេះ​ដឹងល្អៗពីគ្នាទៅវិញទៅមក។ យើងខ្ញុំសូមអបអរ កោតសរ​សើរ​ចំពោះ​ការរួម​ចំណែក​ដ៏មានតម្លៃ និងរង់ចាំទទួលនូវការឆ្លើយតប និងការរិះគន់ស្ថាបនាពីអស់លោកអ្នក។

ជាថ្មីម្តងទៀត យើងខ្ញុំសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះមិត្តអ្នកអានទាំងអស់ ហើយ​សង្ឃឹមថា ព័ត៌មាន​ដែលយើងខ្ញុំបានចុះផ្សាយ ក្នុងគេហទំព័រនេះ នឹងជួយជាប្រយោជន៍ខាងគតិ ការយល់ដឹង និងបញ្ញាស្មារតីដល់មិត្ត​អ្នកអាន​ទាំងអស់។

សូមជូនពរសុខភាពល្អ និងវិបុលភាពគ្រប់ប្រការចំពោះមិត្តអ្នកអានទាំងអស់។