លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរុញឲ្យកម្លាំងប្រដាប់អាវុធពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទូទាំងខេត្តស្វាយរៀង ឲ្យបានល្អប្រសើរនាឱកាសបុណ្យចូលឆ្នាំ ០៦/០៤/២០១៩ 787 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរទូទាំងខេត្ត ត្រូវអនុវត្តន៍ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងជិតចូលមកដល់នាពេលខាងមុខនេះ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្នបានសប្បាយរីករាយ និងត្រៀមក្នុងការជួយសង្គ្រោះបន្ទាន់នានា ដូចជា៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យជាដើម។ ការថ្លែងជំរុញខាងលើនេះ បានធ្វើឡើងពេលលោកជំទាវអញ្ជើញជាគណៈអធីបតីក្នុងពិធីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ គ.ស២០១៩ ដែលមានទេវតាព្រះនាម ធុង្សៈ ទេវី។ ហើយនៅក្នុងពិធីនេះក៏មានការចូលរួមពីមន្ត្រីរាជការស្រុក ក្រុងទាំងអស់ ព្រមទាំងការចូលរួមពីតាមមន្ទីរនានាជុំវិញខេត្ត ភ្ញៀវវៀតណាមដែលមានខេត្តជាប់ព្រំដែនខេត្តស្វាយរៀង គឺខេត្តទ្បុងអាន និងខេត្តតៃនីញ នាព្រឹកថ្ងៃទី៦ខែមេសា ឆ្នាំ២០១៩នេះ នាសាលប្រជុំធំសាលាខេត្តស្វាយរៀង។ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានថ្លែងនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់បងប្អូនមន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង និងភ្ញៀវជាតិនិងអន្តរជាតិដែលបានចូលរួមជូនពរឆ្នាំថ្មីនេះផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងទៀតថា ក្នុងរយៈពេលមួយឆ្នាំនេះ ថ្នាក់ដឹកនាំខេត្តក៏ដូចជា មន្ត្រីរាជការជុំវិញខេត្តស្វាយរៀង បានខិតខំបំពេញកិច្ចការងារដែលរាជរដ្ឋាភិបាលបានដាក់ចេញ ទទួលបានជោគជ័យមួយកំរិត និងត្រូវខិតខំបន្តទៀតនៅឆ្នាំ២០១៩ ធានាបានសេដ្ឋកិច្ចកាន់តែល្អប្រសើរ គិតគូរសុខទុក្ខប្រជាពលរដ្ឋមន្ត្រីរាជការអោយមានជីវភាពសមរម្យ។ ពិធីជួបជុំគ្នានៅពេលនេះស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយការជួបជុំជូនពរក្នុងកម្មវិធីចូលឆ្នាំថ្មីនេះវាជាប្រពៃណីដ៏យូរមកហើយរវាងខេត្តស្វាយរៀង ឡុងអាន តៃនិញក្នុងការជូនពរចូលឆ្នាំថ្មីគ្នាទៅវិញទៅមក ហើយមិនត្រឹមបានញុាំងអោយមានបរិយាកាសមានភាពអធិកអធមប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញអោយឃើញពីការរីកចម្រើនទៅមុខជាលំដាប់នូវទំនាក់ទំនងជាមិត្តភាព ប្រកបដោយសាមគ្គីភាព ភាតរភាព រវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម ហើយបានជួយគ្នាទៅវិញទៅមកទាំងវិស័យសេដ្ឋកិច្ចនិងសហប្រតិបត្តិយ៉ាងល្អនាពេលកន្លងមក។ លោកជំទាវកិត្តិសង្គហបណ្ឌិតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសប្បាយរីករាយក្នុងកម្មវិធីសង្ក្រាន្តស្វាយរៀងអោយបានច្រើនកុះករ ហើយត្រូវប្រុងប្រយ័ត្នភ្លើងអគ្គីភ័យដែលកើតឡើងជាយថាហេតុនិងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ត្រូវនិយាយថាទេចំពោះគ្រឿងញៀនគ្រប់ប្រភេទ៕