លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ចាត់តំណាងជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ អង្គភាពនគរបាលជាតិ វរៈសេនា តូចលេខ ៨២៧ និងវរៈសេនាតូចលេខ ២៦៩ ឈរជើងនៅភូមិសាស្រ្ដ ខេត្ដកោះកុង ០៧/០៤/២០១៩07/04/2019 1093 កោះកុង, ឯកឧត្តម ឆេង សារឿន ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ អង្គភាពនគរបាលជាតិវរៈសេនាតូចលេខ ៨២៧ និងវរៈសេនាតូចលេខ ២៦៩ ឈរជើងនៅភូមិសាស្រ្ដខេត្ដកោះកុង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩។ ថ្លែងឱកាសនោះ ឯកឧត្តមក៏បានពាំនាំសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ជូនចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយនគរបាល នាយនគរបាលរង និង ពលនគរបាលទាំងអស់ និងក្រុមគ្រួសារ និងសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែសេចក្ដីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច។ ឯកឧត្តមបានបន្តទៀតថា ការចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនាពេលនេះ គឺជាភស្តុតាងបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែស្រឡាញ់កងទ័ព កងនគរបាលយើង និងបញ្ជាក់ពីចលនាស្នេហាជាតិ និងការពារជាតិរបស់ប្រជាជនយើងទាំងមូលបានដែលកំពុងក្លាយជាចលនា ជាតិមួយយ៉ាងខ្លាំងក្លា។ ប្រជាជនយើងទូទាំងប្រទេស គ្រប់និន្នាការនយោបាយ បានឯកភាព និង គាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការការពារបូរណភាពដែនដីប្រឆាំងនឹងការឈ្លានពានពីបរទេស។ ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថា ទោះជាយើងទទួលបានសុខសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ ដូចយើងឃើញនៅពេលនេះក្តី យើងមិនត្រូវភ្លេចថា យើងពិតជាបានឆ្លងកាត់ការលំបាកការបូជា និងការខិតខំច្រើនណាស់។ យើងពិតជាចងចាំបានថារបបប៉ុលពត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បានប្រែក្លាយមាតុភូមិកម្ពុជាយើងទៅជាវាលពិឃាត និងវិនាសកម្មយ៉ាងខ្លោចផ្សា។ ប្រជាពលរដ្ឋស្លូតត្រង់ ត្រូវបានសម្លាប់ ឬរស់នៅដូចសត្វតិរច្ឆាន ដោយត្រូវទទួលរងទារុណកម្ម ធ្វើការជាទាសករ និងរស់នៅក្នុងគុកឥតជញ្ជាំង។ ខឿនសេដ្ឋកិច្ចទាំងមូលរួមនឹង ជំនឿ សាសនា ត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុង។ តាមរយៈនយោបាយឈ្នះ-ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅដើមឆ្នាំ ១៩៩៩ បានអនុវត្តដោយជោគជ័យនូវដំណើរការសមាហរណកម្ម អតីតតំបន់ត្រួតត្រាដោយខ្មែរក្រហមចូលក្នុងសង្គមជាតិ និងធ្វើសន្តិភាវូបនីយកម្មប្រទេសជាតិទាំងមូលលើមូលដ្ឋានបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិ និង ឯកភាពទឹកដី ទាំងស្រុង។ ជាទីបញ្ចប់ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប ក្រុមហ៊ុនគូហ៊ូឡុង និងបណ្ដាសម្បុរសជន រួមទាំង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង មន្រ្ដីរាជការនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ដែលបានចូលរួមបរិច្ចាកធនធានមានទាំងសម្ភារៈ និងថវិកា ដើម្បីរួមចំណែកជួយគាំទ្រ និងលើកទឹកចិត្ដដល់កងកម្លាំងប្រដាប់អាវុធយ៉ាងអង់អាចក្លាហានរបស់យើងដែលកំពុងឈរជើងប្រចាំការបំពេញភារកិច្ចដ៏ឧត្តម ការពារបូរណភាពទឹកដីក្នុងភូមិសាស្រ្ដ ខេត្ដកោះកុងនេះកាន់តែមានកម្លាំងចិត្ត និងភាពកក់ក្ដៅថែមទៀត៕