លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា និងពិធីចុះអនុសារណៈយោគយល់រវាងមន្ទីរពេទ្យ អរៀនដានិងស្ថាប័នសុខាភិបាលឯកជន សឹង្ហបុរី ខរនឺរស្តូនអេស៊ាហែ(Cornerstone Asia Health) ដែលមាន ទីតាំងស្ថិតនៅ អគារលេខ ៩A ផ្លូវលេខ ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។

លោកជំទាវក៏បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមកោតសរសើរដោយ​ស្មោះចំពោះកិច្ចខិតខំ​ប្រឹងប្រែងរបស់អ្នកគ្រប់គ្រង និងបុគ្គលិកមន្ទីរពហុព្យាបាល និងសម្ភពអូរៀនដា ដែលបានរួមគ្នាសម្រេច​បាននូវសមិទ្ធផលគួរ​ជាទីមោទនៈ​នេះ។ លោកជំទាវក៏បានបន្តទៀតថា ការអភិវឌ្ឍន៍របស់វិស័យឯកជនបាន និងកំពុងទទួលបាន​ការគាំទ្រយ៉ាងពេញទំហឹង​ពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលបាន​កំណត់​យក​ការអភិវឌ្ឍន៍វិស័យឯកជនក្នុងបេសកកម្ម អភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ការចូលរួមពីវិស័យឯកជន ក្នុងការលើកកម្ពស់​គុណភាព​សេវា​ថែទាំសុខភាព មន្ទីរពេទ្យថ្មីមួយនេះ ក៏បានជួយបង្កើតឱកាសការងារមួយចំនួនដល់យុវជនជំនាន់ក្រោយរបស់យើង ដែលបាន​បញ្ចប់ការ​សិក្សាពីសាលាជំនាញ និងសាលាឯកទេសនានា បានចូលបម្រើការងារ ពង្រីកការយល់ដឹង និងផ្លាស់ប្តូរបទពិសោធន៍​ជាមួយ​គ្រូពេទ្យ​រៀមច្បង និងគ្រូពេទ្យបរទេសខ្លះ ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យបានកាន់តែប្រសើរឡើង នៅក្នុងវិជ្ជាជីវៈវេជ្ជសាស្រ្ត ហើយប្រើប្រាស់​នូវចំណេះដឹង​ថ្មីៗ របស់ខ្លួន រួមចំណែកពង្រឹង និងអភិវឌ្ឍន៍វិស័យសុខាភិបាលរបស់ជាតិយើង ឆ្ពោះទៅរកអនាគតត្រចះត្រចង់ ឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការរបស់សាធារណជនទូទៅ ក៏ដូចជាបានចូលរួម អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋកម្ពុជា ផងដែរ។

លោកជំទាវក៏បានផ្ដាំផ្ញើដល់វិស័យឯកជន បម្រើសេវាសុខាភិបាល ជាពិសេស មន្ទីរពេទ្យឯកជន ដែលកំពុងធ្វើប្រតិបត្ដិការ​ផ្ដល់សេវា​លើ​ការ​សង្គ្រោះពិនិត្យជម្ងឺជូនប្រជាជន សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិតស្រលាញ់អ្នកជម្ងឺ ដែល​ជា​អតិថិជនមកទទួល និងប្រើប្រាស់សេវានៅមន្ទីរពេទ្យ និងគ្លីនិកនានា។ សូមបុគ្គលិកពេទ្យប្រើប្រាសកាយវិការទន់ភ្លន់ សម្តីផ្អែមល្ហែម ចេះ​គួរសម សុភាពរាបសារ ដាក់អ្នកជម្ងឺ ។ ម្យ៉ាងទៀត ខ្ញុំសូមស្នើមន្ទីរពេទ្យទាំងអស់ ត្រូវថែររក្សាអនាម័យ ភាពស្អាតស្អំ គ្មានធូលី និងមេរោគ ជាពិសេសត្រូវសំអាតសម្ភារៈបរិក្ខាពេទ្យ កម្រាលឥដ្ឋ បន្ទប់អ្នកជម្ងឺ និងទីធ្លាពេទ្យទាំងមូលជាប្រចាំ។

ជាទីបញ្ចប់ លោកជំទាវក៏បានអញ្ជើញជាអធិបតីកិត្តិយសក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈរវាងមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា និងស្ថាប័នសុខាភិបាលឯកជន សឹង្ហបុរី ខរនឺរស្តូនអេស៊ាហែ ផងដែរ។