លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជា​អធិបតីក្នុង​ពិធី​សម្ពោធជាផ្លូវការសណ្ឋាគារ តុង យៀន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារ តុង យៀន នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានគាំទ្រ ចំពោះអ្នកវិនិយោគ មកបណ្ដាក់ទុនរកស៊ីនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅ​ខេត្ត​ព្រះសីហនុ គឺស្ដែងចេញ ឲ្យឃើញពីកំណើននៃការអភិវឌ្ឍរបស់ប្រទេសជាតិ ទាំងអស់នេះ គឺដោយសារប្រទេសកម្ពុជាមាន​សុខ​សន្តិភាព មានស្ថេរភាពនយោបាយពេញលេញ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ។

ជាក់ស្ដែង ការសម្ពោធ បើកឲ្យដំណើរការនៅសណ្ឋាគារ ដ៏ស្កឹមស្កៃលំដាប់អន្តរជាតិ នាពេលនេះ គឺជាសមិទ្ធិផល ថ្មីមួយទៀតរបស់ខេត្តព្រះសីហនុ ដែលជាខេត្តភាគនារតី នៃប្រទេសកម្ពុជាមានសក្តានុពលដ៏ល្អ ផ្នែកឧស្សាហកម្មទេសចរណ៍។ សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំង នូវការលូតលាស់ ទៅមុខឥតឈប់ឈរ នៃការវិនិយោគបរទេស និងវិស័យឯកជនមកកាន់ព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍ និងបាន បង្កលក្ខណៈងាយស្រួល និងជំរុញវិស័យឯកជន អោយលូតលាស់ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា ។

លោកជំទាវក៏បានផ្តាំផ្ញើរឲ្យម្ចាស់សណ្ឋាគារត្រូវគោរពតាមបទដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះអ្នកវិនិយោគ បរទេសទាំងអស់ ដែលបានផ្ដល់ទំនុកចិត្ត មកលើប្រទេសកម្ពុជា នឹងបានសំរេចចិត្ត វិនិយោគ នៅក្រុងនៃខេត្តព្រះសីហនុនេះ ហើយសង្ឃឹមថា សណ្ឋាគារ លំដាប់អន្តរជាតិ ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាត ឲ្យទេសចរបរទេសមកស្នាក់នៅកំសាន្ត នេះពិតជាផ្ដល់ការងារជាច្រើន ដល់បុគ្គលិកក្នុងស្រុក ផងដែរ រួមចំណែក អភិវឌ្ឍ នឹងកាត់បន្ថយភាពក្រីក្រ ក្នុងខេត្តព្រះសីហនុបានយ៉ាងច្រើនទៀតផង៕