វគ្គបណ្តុះបណ្តាលភាសាចិនរបស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលដល់សិក្ខាកាមនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

ថ្នាក់រៀនភាសាចិន របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា ត្រូវបានបិទវគ្គបណ្តុះបណ្តាលរបស់ខ្លួន ក្រោមអធិបតីភាព លោក​ជំទាវ សុភគ្គ ថាវី រដ្ឋលេខាធិការ តំណាងលោកជំទាវកតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង មានការចូលរួមពីសំណាក់ ឯកឧត្តមកង ណែម រដ្ឋលេខាធិការ លោកស្រីវុធ សុភ័ក្រណា នាយិការ​វិទ្យាស្ថានខុងជឺភាគីភាសាខ្មែរ និងលោក Chai Ke Qing នាយកវិទ្យាស្ថានខុងជឺភាគីភាសាចិន ដែលពិធីនេះបានរៀបចំ​ឡើង​នៅ​ទីស្តីការ​ក្រសួង នាព្រឹកថ្ងៃច័ន្ទ ទី១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។

លោកជំទាវ សុភគ្គ ថាវី បានប្រសាសន៍ថា៖ ថ្នាក់រៀនភាសាចិន បានបង្កើតឡើង តាមរយៈការស្នើរសុំរបស់​ក្រសួងទៅ​ស្ថានទូតចិន​ប្រចំា​កម្ពុជា ហើយក្រសួងក៏ទទួលបានការបណ្តុះបណ្តាលភាសាចិនតាមរយៈវិទ្យាស្ថានខុងជឺ ។ លោកជំទាវបន្តថា វិទ្យាស្ថានខុងជឺ បាន​ចាប់​ផ្តើមដំណើរការថ្នាក់រៀនដំបូងចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នំា២០១៧ និងបានបញ្ចប់សៀវភៅ “ភាសាចិនរីករាយ” និងសៀវភៅ ”ផ្លូវឆ្ពោះ​ទៅជោគជ័យកំរិតទី១” បានជោគជ័យ និងបានទទួលវិញ្ញាបនប័ត្រថ្នាក់បឋមនៅថ្ងៃទី១០ ខែកក្កដា ឆ្នំា២០១៨ ក្រោមអធិបតីភាព​លោក​ជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមហ្សង់ ប៉ អតីតឯកអគ្គរដ្ឋទូតចិនប្រចំាព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវ រដ្ឋលេខាធិការ បានបន្ថែមថា ៖ ក្នុងកំឡុងពេល៩ខែ នៃការសិក្សាភាសាចិននេះ លោកគ្រូយីន យីជីន បានខិតខំ​បង្រៀនអំពី​ពាក្យ​ថ្មីៗ វេយ្យាករណ៍ក្នុងការស្តាប់ និយាយ អាន និងសរសេរ ដល់សិក្ខាកាម ហើយគាត់ថែមទាំង​បានបង្តើតវិធីសាស្រ្តល្អៗ​ក្នុង​ការ​បង្រៀន ដើម្បីឲ្យសិក្ខាកាមងាយស្រួលក្នុងការចងចាំ និងប្រើប្រាស់ពាក្យឲ្យបានសមរម្យ និងត្រឹមត្រូវ។ លើសពីនេះទៀតក៏បាន​បង្ហាត់​បង្ហាញ​អំពីប្រវត្តិសាស្រ្តទំនៀមទំលាប់ និងវប្បធម៌នានារបស់ប្រទេសចិន ៖ ដូចជា ការរៀបចំពិធីចូលឆ្នាំរបស់ប្រទេសចិន ការសរសេរជក់ ការបង្កើត​អក្សរចិន និងម្ហូបអាហារ របស់តំបន់នីមួយៗនៃប្រទេសចិនជាដើម។ យ៉ាងណាមិញថ្នាក់រៀនភាសាចិន បានចាប់ផ្តើម​បង្រៀន​កាល​ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៨ នឹងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩ ដោយមានសិក្ខាកាមចំនួន ១០រូប (ស្រី៧រូប) ។

លោកជំទាវរដ្ឋលេខាធិការក៏បានសង្ឃឹមយ៉ាងម៉ុតមាំថា ៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន តាមរយៈ វិទ្យាស្ថានខុងជឺ នៃ​រាជ​បណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំ២០១៩ នេះសិក្ខាកាមចំនួន ០៥រូប និងត្រូវចូលរួមក្នុងទស្សនកិច្ចសិក្សា និងទទួល​ការបណ្តុះបណ្តាល​ភាសា​ចិនរយៈពេល ១០ខែ នៅសាធារណរដ្ឋប្រជាមានិតចិន នៅសាកលវិទ្យាល័យហួរ ឈីវ នៃទីក្រុង ស៊ាមិន តាមការស្នើសុំ​របស់វិទ្យាស្ថាន​ផងដែរ ៕