លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានចាត់តំណាងចុះសួរសុខទុក្ខអ្នករងគ្រោះថ្នាក់ចរាចរណ៍ ដែលបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ

លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត រួមជាមួយ លោកជំទាវ ម៉ែន សំអ៊ីន លោកជំទាវ ឃួន មុំ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកថវិការរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត និងលោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ទៅឧបត្ថម្ភដល់ជនរងគ្រោះដែលបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងចំណោមជនរងគ្រោះទាំងបីនាក់នេះ មាន ទី១៖ លោក ឆោម យ៉ា អាយុ ៣២ឆ្នាំ និងប្រពន្ធឈ្មោះ សូ សាវឿន អាយុ ជា២០ឆ្នាំ ដែលអ្នកទាំងពីរនាក់នេះជាកម្មករ កម្មការិនី នៅរោងចក្រ ជូលី ដែលមានទីតាំងស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ចំណែកឯម្នាក់ទៀតពុំស្គាល់ឈ្មោះ ។

សូមរំលឹកផងដែរថា ឧប្បទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង ៦:៣០ព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ១ ភូមិកៀនសាំង សង្កាត់​ស្វាយរៀង ក្រុងស្វាយរៀង ដែលបង្កឡើងដោយរថយន្តុម៉ាកហ៊ីយ៉ាន់ដាយ (ដឹកមាន់) និងរថយន្តដឹកកម្មករ បណ្តាល​អោយ​រងរបួស​ធ្ងន់​ស្រាល​ចំនួន ៤៣នាក់ ក្នុងនោះរបួសធ្ងន់ ១៥នាក់ របួសស្រាល ២៨នាក់។

ភ្លាមនោះ ដោយមានការយកចិត្តដាក់ខ្ពស់ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ​តំណាង​មណ្ឌល​ខេត្តស្វាយរៀង សាខាកាកបាទក្រហមខេត្ត នាឪកាសនោះក៏បានឧបត្ថម្ភនូវថវិការមួយចំនួនដល់បងប្អូនកម្មករ កម្មការិនី ដែល​កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងអ្នកបានបញ្ជូនមកភ្នំពេញផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ វង់ មយូរា ក៏បានជូនពរឲ្យជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយពីជម្ងឺ និងឆាប់បាន​ត្រលប់​ចូល​បម្រើ​ការងារជាធម្មតាវិញ។