សម្ដេចព្រះមហាសុមេធាធិបតីកិត្ដិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និង លោក​ជំទាវ​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ​ចូលរួម​ក្នុង​​ពិធី​រំលាយ​សព​ព្រះព្រហ្ម​បញ្ញា វ៉េង វុទ្ធី ព្រះចៅ​អធិការ​វត្ត​តេជះ​ភ្នំស្រង់

សម្ដេចព្រះមហាសុមេធាធិបតី កិត្ដិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និងលោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច ជាអធិបតីផ្ដល់ព្រះអគ្គីដល់សពព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី ទីប្រឹក្សាផ្ទាល់​សម្តេច​ព្រះអគ្គមហាសង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សសាលាគុណខេត្តកំពង់ស្ពឺ និងជាព្រះចៅអធិការវត្តតេជះភ្នំស្រង់ បានអនិច្ចកម្ម នៅថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១២:៤៥នាទី រំលងអាធាត្រ ក្នុងព្រះជន្មវស្សា ៥២ឆ្នាំ ដោយរោគាពាធ ។

សពត្រូវបានតំកល់នៅលើឧបដ្ឋានសាលា វត្តតេជះភ្នំស្រង់ រហូតដល់ថ្ងៃ ព្រហស្បត្តិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៨ ដង្ហែរព្រះសពទៅកាន់ឈាបនដ្ឋាន ដើម្បីប្រារព្ធឈាបនកិច្ចលុះព្រឹក ឡើងថ្ងៃសុក្រ ទី៣១ ខែ ឆ្នាំដដែល វេលាម៉ោង ៩:០០ព្រឹក រាប់បាត្រព្រះសង្ឃ ១០៨អង្គ ប្រគេនយាគូរព្រះសង្ឃ វេភត្តហារប្រគេនព្រះសង្ឃ និងដារឆ្លងជាកិច្ចបង្ហើយបុណ្យ។

នៅពេលបន្ដិចទៀត នេះព្រះរូប ព្រះកាយរបស់ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី ព្រះអគ្គីនិង​លេបត្រ​បាក់​ឆាបឆេះ នឹងឃ្លាតឆ្ងាយពីយើងទាំអស់គ្នា ប៉ុន្ដែអ្វី ៗដែលនៅសេសសល់ ពុំអាចរលត់ រលាយទៅ បាននោះ គឺសេចក្ដីល្អ អំពើល្អ កិត្ដិយស សេចក្ដីថ្លៃ ថ្នូរ ភាពសកម្មអំណត់ព្យាយាម ម៉ឺងម៉ាត់​ក្នុង​ការងារ នៅតែស្ថិតនៅជាប់ក្នុងអារម្មណ៏ នៃយើងជានិច្ចកាល គ្មានថ្ងៃបំភ្លេចបានឡើយ ។ហើយ​យើងនិងរក្សានូវ ឧត្ដមគតិ មនសិការជាតិ និងគំរូវីរភាព ដ៏ថ្លៃថ្លា របស់ព្រះអង្គ​ឱ្យស្ថិតស្ថេរ​ជា​និរន្ដ​តទៅ ។

ប្រវត្ដិ ព្រះហ្មបញ្ញា វ៉េង វុទ្ធី ចាប់តាំងពីបានបំពេញជាបព្វជិត ហើយព្រះអង្គបានខិតខំ​ប្រឹងប្រែង​បដិបត្ដិធម៏វិន័យព្រះសម្មាសម្ពុទ្ធមានព្រះត្រ័យបិដកជាគោល ហើយព្រះអង្គក៏ជាអ្នកសិក្សា ស្រាវជ្រាវ ផ្នែកត្រ័យភូមិ ត្រ័យវេទ ត្រ័យយុទ្ធ និងត្រ័យដារផងដែរ ហើយក៏បានខំប្រឹងប្រែង កសាងវត្ដតេជៈភ្នំស្រង់ ស្ថិតនៅឃុំស្រង់ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ឱ្យក្លាយ​ទៅជាទី​សក្ការៈ​គោរព​បូជាសម្រាប់មហាពុទ្ធបរិស័ទគ្រប់ស្រទាបវណ្ណៈ ។

វត្ដតេជៈភ្នំស្រង់នេះជាវត្ដថ្មីសុទ្ធក្រោមការដឹកនាំប្រកបដោយភាព ឈ្លៀសវៃ និង​ប៉ិនប្រសព្វ​ធ្វើ​ឱ្យវត្ដនេះក្លាយទៅជាវត្ដដ៏អស្ចារ្យប្រកបដោយភាពល្បីល្បាញ និងក្រោម​ការជួយឧត្ថម្ភដោយ​ជ្រះថ្លា​ផ្ទាល់ពី ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕