លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែក “សាមគ្គីស្រុករំដួល” ចំណាយថវិការ ៥៦មុឺនដុល្លា ដើម្បីបង្ខិតសេវាព្យាបាលរបស់ពលរដ្ឋ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការមន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួល ស្ថិតនៅឃុំកំពង់ចក​​ ស្រុករំដួល ខេត្តស្វាយរៀង ដែលចំណាយថវិការអស់ប្រមាណ ៥៦មុឺនដុល្លារ ថវិកាកសាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន តាមរយៈ ឯកឧត្តម ខ្វាន់ ស៊ាម និង សម្បុរសជន នាព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះផងដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារគណៈកម្មាធិការ​កណ្តាល ចុះជួយខេត្ត ស្វាយរៀង និងក្នុងនាម លោកជំទាវផ្ទាល់ សូមគាំទ្រ​ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី​ ដែលបានយក ចិត្តទុកដាក់អំពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយបានបង្កើតឲ្យមានមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឲ្យនៅជិតផ្ទះរបស់លោកអ្នក ដើម្បីចូលរួមចំណែកក្នុង​ការកាត់បន្ថយនូវភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានវិស័យសុខាភិបាលជាវិស័យអាទិភាព។

លោកជំទាវ ម៉ែន សំអន បានណែនាំដល់បុគ្គលិកពេទ្យទាំងអស់ ​ជាពិសេសមន្ទីរពេទ្យបង្អែកនេះ ដែលកំពុង​ធ្វើ​ប្រតិបត្ដិការ​ផ្ដល់​សេវា​លើការសង្គ្រោះ និងពិនិត្យព្យាបាល​ជម្ងឺជូនប្រជាជន សូមប្រកាន់​ភ្ជាប់​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ និងតម្កល់នូវទឹកចិត្ដអាណិត ​ស្រលាញ់អ្នកជម្ងឺ ដែលជាអ្នកមក​ទទួល និង​ប្រើប្រាស់សេវានៅមន្ទីរពេទ្យ។ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល នៅគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវ បន្តការខិតខំអនុវត្តភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់​ ជាពិ​សេសការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ និងឱសថក្លែងក្លាយ ដើម្បីផ្ដល់សេវាសុខភាពឱ្យកាន់តែមានគុណភាព សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការកា​រ​ពា​រ-សុខភាព និងព្យាបាលឱ្យកាន់តែប្រសើឡើង៕