លោកជំទាវ វង់ មយូរា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាព​ក្រុមការងារ​បច្ចេកទេស​យេនឌ័រប្រចាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋលេខាធិការក៏បានមានប្រសាសន៍ថា ៖ ពិធីនេះត្រូវបានរៀបចំឡើង ដើម្បីបានផ្សព្វផ្សាយ ក៏ដូចជា​បានណែនាំសាម៉ីខ្លួននីមួយៗដែលជាសមាសភាពក្នុងក្រុមការងារយែនឌ័រ និងបានជួបប្រជុំជាលើកដំបូង បន្ទាប់ពីសេចក្តីសម្រេចនេះ​បាន​ចេញជាផ្លូវការ។ លោកជំទាវក៏បានណែនាំអំពីតួនាទីរបស់ក្រុមការងារយែនឌ័រ មានដូចជា ៖ ទី១ សម្របសម្រួល សហការ និងស្វែងរក​ការ​គាំទ្រ​ថវិកា និងបច្ចេកទេសពីស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិ ទី២ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​ផ្នែកយែនឌ័រ ទី៣ កសាងផែនការប្រចាំខែ ប្រចាំឆមាស ប្រចាំឆ្នាំ ពាក់ព័ន្ធនឹងការងារយេនឌ័រ ទី៤ ត្រូវបញ្ជ្រាបនូវទស្សនៈយេនឌ័រក្នុង​កម្មវិធី​អភិវឌ្ឍន៍នានារបស់ក្រសួង ទី៥ តាមដាននិងសម្របសម្រួល​ដោះសា្រយនូវរាល់​ការលំបាករបស់នារីនៅក្នុងក្រសួងឲ្យបានទាន់ពេលវេលា។

លោកជំទាវក៏បានសំណូមពរឲ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានរាយនាមក្នុងសេចក្តីសម្រេចនេះ ត្រូវអនុវត្តតាមតួនាទី​ភារកិច្ច​​របស់ខ្លួនឲ្យបានល្អប្រសើរ ក្នុងន័យជួយជ្រោមជ្រែងឲ្យការងារបច្ចេកទេសយែនឌ័ររបស់ក្រសួងដំណើរការទៅដោយរលូន និង​ប្រកប​ដោយប្រសិទ្ធិភាពខ្ពស់៕