លោកជំទាវ វង់ មយូរា បានអញ្ជើញ ជាអធិបតី កិត្តិយសក្នុងពិធីចុះហត្ថលេខារួមគ្នាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីការលើកកម្ពស់សុខុមាលភាពជូនមន្ត្រីរាជការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីកិត្តិយសក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា​ ស្តីពី ការ​លើកកម្ពស់សុខុមាលភាពជូនមន្ត្រីរាជការរវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយមន្ទីរពេទ្យ​ព្រះកេតុមាលា​ផងដែរ។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងដោយលោកជំទាវ យក់ ណារ៉េត អនុរដ្ឋលេខាធិការ និងលោកជំទាវ​ឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ នាយករងមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ។

ប្រការដែលឈានដល់ការចុះហត្ថលេខានាពេលនេះ គឺក្រោមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពង់ខ្ពស់ និងមានការយកចិត្តទុក្ខដាក់ខ្ពស់​ ព្រមទាំង​មានការជួយសម្របសម្រួលពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីមន្រ្តីរាជការក្រោមឱវាទ និងបានបង្ករ​លក្ខណៈ​ងាយស្រួល​គ្រប់បែបយ៉ាងធ្វើឲ្យអង្គភាពទាំង២រួមសហការក្នុងការចុះអនុស្សរណៈនាថ្ងៃនេះប្រកបដោយជោគជ័យ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ពីវិស័យសុខាភិបាល ក្នុងការ លើកកម្ពស់​សុខុមាលភាព​សុខភាពជូនមន្ត្រីរាជការក្រសួង តាមប្រសាសន៍ណែនាំដ៏ថ្លៃថ្លាប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យសុខាភិបាល ក្នុងការបង្ខិតមណ្ឌលសុខភាព និងមន្ទីរពេទ្យឲ្យទៅកៀកនឹងប្រជាពលរដ្ឋ។ ប៉ុន្តែនៅពេលនេះ មន្ត្រីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក៏បានទទួលសេវាសុខាភិបាល ក្នុងការព្យាបាលជម្ងឺពីមន្ទីរពេទ្យព្រះកេតុមាលាផងដែរ៕