លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រាប់និស្សិត ហុង ភារិន ត្រូវពង្រឹងបន្ថែមទៀតនូវសមត្ថភាពផ្ទាល់ខ្លួន ដែលពាក់ព័ន្ធនឹងមុខជំនាញអភិវឌ្ឍជនបទ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​ទទួល​អនុញ្ញាតិឲ្យនិស្សិតឆ្នើម ហុង ភារិន ចូលជួបនិងសំដែងការគួរសម នាព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។

នៅក្នុងពីធីសំណេះសំណាល លោកជំទាវកិត្តិសង្គហបណ្ឌិត បានទទួលស្វាគមន៍ និងកោតសរសើរចំពោះទេពកោសល្យរបស់ ភារិន ដែល​មានសមត្ថភាពពិសេសអាចចងចាំបានយ៉ាងល្អ និងបានចូលរួមអបអរសារទរចំពោះគ្រួសារ ភារិន ដែលមានកូនឆ្លាត និងបានបង្ហាញនូវ​សម្ថភាពដ៏អស្ចារ្យ ដែលប្រទេសជិតខាងបានទទួលស្គាល់ថាជាមនុស្សអច្ឆរិយៈ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវ​កិត្តិសង្គហបណ្ឌិត ក៏ក្រើនរំលឹកដល់ ភារិន ឲ្យខិតខំប្រឹងប្រែងបង្កើននូវសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត ដោយមិនត្រូវភ្លេចខ្លួនឡើយ ទោះ​ជា​ក្នុងកាលៈទេសៈណាក៏ដោយ។

ជាការឆ្លើយតប ហុង ភារិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស និងបានថ្លែងអំណរគុណចំពោះ លោកជំទាវ​កិត្តិសង្គហបណ្ឌិត ដែលបានអនុញ្ញាឲ្យលោកបានជួបសំដែងការគួរសម និងបានទទួលនូវអានុសាសន៍ល្អៗសម្រាប់យកទៅ អភិវឌ្ឍខ្លួនបន្ថែមទៀត។

លោក ភារិន ក៏បានប្តេជ្ញាថា នឹងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតដែលពាក់ព័ន្ធនឹងជំនាញអភិវឌ្ឍន៍ជនបទ ដើម្បីចែករំលែកចំណេះដឹង​របស់លោក​ដល់សិស្សនិស្សិតកម្ពុជា ហើយនិងចង់សម្រេចនូវក្តីសុបិន្តពីររបស់លោកគឺ ៖ ទី១. លោកនឹងយកនូវចំណេះដឹង​ផ្នែកអភិវឌ្ឍន៍ជនបទ​ខ្លួន​មក​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនថែមទៀត។ ទី២. លោក​មាន​បំណង​ចង់បង្ហាញអំពីសមត្ថភាពរបស់កូនខ្មែរ និងទង់ជាតិខ្មែរ នៅក្នុងការប្រកួតការចង់ចាំលំដាប់ថ្នាក់ពិភពលោក ដែលនឹងប្រពឹត្តទៅនៅខែធ្នូ នៅប្រទេសចិន នាពេលខាងមុខនេះ។

ជាទីបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌតិ ក៏បានជូនពរឲ្យ លោក ហុង ភារិន មានសុខភាពល្អ និងបានសម្រេចនូវ​បំណងប្រាថា្ន​ដែល​ខ្លួន​ចង់​បាននាពេលអនាគត ជាពិសេសសូមឲ្យ ភារិន បានទទួលជោគជ័យក្នុងការប្រគួត​ការចង់ចាំ​លំដាប់ពិភពលោក​នៅប្រទេសចិន​នាពេលខាងមុខនេះ ដើម្បីលើកកម្ពស់កិត្តិយសគ្រួសារផង និងកិត្តិយសប្រទេសជាតិផង ៕