លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ចូលរួមបិទ ការសូត្រ​គម្ពី​អាល់គួ​អានុលការីមលើកទី២៨ និង​ការប្រលងចាំមាត់ លើកទី២ថ្នាក់ជាតិ ឆ្នាំ២០១៩

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទការសូត្រលើកទី ២៨ និងប្រឡងចាំមាត់លើកទី២ គម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិ ឆ្នាំ ២០១៩ នៅវិហារធំគីឡូម៉ែត្រ លេខ៩ ភូមិ៣ សង្កាត់ច្រាំង ចំរេះ១ខណ្ឌឬស្សីកែវ រាជធានី នារសៀលថ្ងៃអាទិត្យ ១៣ កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៩។

នាឱកាសនោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងនូវគាំទ្រនូវ ប្រធានបទ នៅឆ្នាំនេះគឺ “ឥស្លាម និងវប្បធម៌” ។ ប្រធានបទឆ្នាំនេះ ពិតជាសមស្របទៅនឹងរដ្ឋធម្មនុញ្ញ ដែលលើកទឹកចិត្តគ្រប់ជនជាតិ ត្រូវរក្សាប្រពៃណី វប្បធម៌ របស់ខ្លួន ហើយក៏ជាការផ្សារភ្ជាប់ទ្រឹស្តីដែលមានក្នុងគម្ពីរអាល់គូរអាន ទៅនឹងគោលនយោបាយ រាជរដ្ឋាភិបាល ដែលកំពុងលើកកម្ពស់គ្រប់វប្ប ធម៌ ជាតិ សាសន៍ និងសុខដុមនីយកម្មសាសនានៅកម្ពុជាដែលជាបច្ច័យ និងការរួមចំណែកធ្វើឲ្យមានសុខសន្តិភាព សុវត្ថិភាព និងសុខដុមរមនា នៅក្នុងសង្គមជាតិ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជា ដែលតាំងពីសម័យកាលបុរាណ រហូត ដល់បច្ចុប្បន្ន មិនដែលមានជម្លោះជាតិ សាសន៍ ឬជម្លោះសាសនាទេ ដែលវាបានផ្ទុយស្រឡះកាលពីចន្លោះឆ្នាំ ១៩៧៥ -១៩៧៨ ដែលប្រទេសបានធ្លាក់ចូលក្នុងសង្គ្រាមរាំរ៉ៃ គម្ពីរធម៌អាថ៌ សាសនា សាលា រៀន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់សាសនិកឥស្លាមនៅកម្ពុជាទាំងអស់ សូមចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព នយោបាយ អធិប តេយ្យភាព បូរណភាពទឹកដី ប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ និងរាល់សកម្ម ភាពដែលប៉ុនប៉ងជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងរបស់ជាតិ ដូចដែលបានថ្លែងដោយសម្តេចតេជោក្នុងពិធីបិទស្និបាតក្រសួង មហាផ្ទៃ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។

ជាថ្មីម្តងទៀត លោកជំទាវកិត្តិសង្គហបណ្ឌិតបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុង កម្មវិធីបិទ នៃពិធីសូត្រនាឆ្នាំ ក្រោមប្រធានបទ ឥស្លាមនិងវប្បធម៌ នាឆ្នាំនេះ បាននាំមកនូវផ្លែផ្កា ក្នុងកិច្ចការពារ ថែរក្សា អភិរក្ស និងអភិវឌ្ឍនូវវប្បធម៌នេះ ជាមួយនឹងការ សិក្សាស្រាវជ្រាវបន្ដ ពីប្រយោជន៍ដែលជាចំណេះដឹង ក្នុងការអភិរក្ស ផ្សព្វផ្សាយបន្ដគាំទ្រ និងប្រតិបត្តិតាមវប្បធម៌ដ៏ល្អរបស់ឥស្លាមផងដែរ៕