ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរ ទ.រ.ព.អ ខេត្តពោធិ៍សាត់ ០៩/០៩/២០១៩10/09/2019 855 ពោធិ៍សាត់, ឯកឧត្តម ឆេង សារឿន ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ប្រធាននាយកដ្ឋានរដ្ឋបាល ប្រធាននាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស រួមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការជុំវិញខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ នាព្រឹកថ្ងៃច័ន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់ ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឆេង សារឿន ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជូនដល់អង្គពិធីទាំងមូល និងបានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី និងមន្ត្រីរាជការក្រោមឱវាទចំណុះឲ្យមន្ទីរ ត្រូវពង្រឹងសមត្ថភាពខ្លួនត្រូវអនុវត្តតួនាទី និងភារកិច្ចឲ្យសមស្របតាមតួនាទីរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តពោធិ៍សាត់ ជាពិសេសត្រូវពង្រឹងនិងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរវាងមន្ត្រីរាជការទាំងអស់ក្នុងមន្ទីរ ក៏ដូចជា អង្គភាព និងមន្ទីរនានាជុំវិញខេត្ត។ យោងតាមប្រកាសលេខ ០៥៩/១៩ ទរពអ.ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ត្រូវបានតែងតាំង លោក វ៉េត វិសេសបញ្ញា ពីអនុប្រធានមន្ទីរ ទៅជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចខេត្តពោធិ៍សាត់ ជំនួសលោក សំ ណារិទ្ធិ អតីតប្រធានមន្ទីរ ដែលត្រូវបាន រាជរដ្ឋាភិបាលតែងតាំង ជាអភិបាលស្រុកតាលោសែនជ័យ។