លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសជាផ្លូវការ​នៃការចូល​ជា​សមាជិករបស់ព្រះរាជាណាចក្រកម្ពុជាក្នុងប្រទេសជាដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញជាអធិបតី​ក្នុងពិធី​ប្រកាស​ជា​ផ្លូវ​ការ​នៃការចូលជាសមាជិករបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងប្រទេសជាដៃគូសកល ដើម្បីបញ្ចប់អំពើហឹង្សាលើកុមារ នៅសណ្ឋាគារ សុខា​ភ្នំពេញ ព្រឹកថ្ងៃទី១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយមូលនិធិសហប្រជាជាតិដើម្បីកុមារ និង​ស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់នូវអំពើហឹង្សាលើកុមារ រហូតទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រកាសជាផ្លូវការថា ប្រទេសកម្ពុជាបានក្លាយខ្លួនជាសមាជិកនៃប្រទេសដៃគូសកល ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដោយបានក្លាយជា​ប្រទេសនាំមុខទី៤ ក្នុង​តំបន់ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងប្រទេសម៉ុងហ្គោលី នៅចំពោះមុខវត្តមានរបស់អ្នកពាក់ព័ន្ធសំខាន់ៗ និង​បង្ហាញអំពី​ការប្តេជ្ញាចិត្តដ៏ខ្លាំងក្លារបស់កម្ពុជាក្នុងការបញ្ចប់អំពើហឹង្សាលើកុមារ។

លោកជំទាវក៏បានបន្តទៀតថា ដើម្បីបញ្ចប់អំពើហឹង្សាលើកុមារ គឺតម្រូវឲ្យមានការទទួលខុសត្រូវខ្ពស់រួមគ្នា និងការគៀងគរ​អ្នកពាក់ព័ន្ធ​ទាំង​អស់ និងសង្គមទាំងមូល គឺចាំបាច់បំផុតស្របទៅតាមបទដ្ឋានជាតិ ដែលមាន និងកំពុងដាក់ឲ្យអនុវត្តជាធរមាន រួមមាន អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ ស្តីពីសិទ្ធកុមារ ឲ្យកាន់តែមានប្រសិទ្ធិភាពនោះ ទាមទារឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន អង្គការជាតិ និង​អ្នកពាក់ព័ន្ធ​ទាំងអស់៕