លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ភោធជាផ្លូវការរបស់សមាគមស្បែកជើងកម្ពុជា ១៥/០៩/២០១៩ 828 ពិធីសម្ពោធ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសម្ភោធជាផ្លូវការរបស់សមាគមស្បែកជើងកម្ពុជា ហៅកាត់ថា (ស.ស.ក)។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌល និងពិព័រណ៌កោះពេជ្រ នារាត្រី ថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ។ លោកជំទាវ បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាពយ៉ាងពេញលេញ មានស្ថិរភាពនយោបាយនឹងនរ មានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនលើគ្រប់វិស័យ។ លោកជំទាវ បានគាំទ្រយ៉ាងពេញទំហឹង និងថ្លែងកោតសសើរចំពោះ លោកឧកញ៉ា លី ឃុនថៃ ជាប្រធានសមាគម ដែលមានការប្តេជ្ញាចិត្តខ្ពស់ ជាមួយទស្សនៈវិស័យដ៏ច្បាស់លាស់ បានរួមគ្នាបង្កើតសមាគមមួយនេះឡើង ដើម្បីសម្របសម្រួលរវាងគ្រប់ភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស នៃវិស័យឧស្សាហកម្មផលិតស្បែកជើងនៅក្នុងប្រទេសកម្ពុជា ក្នុងការពារផលប្រយោជន៍សមាជិកផង និងដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យផលិតកម្មស្បែកជើងផង។ លោកជំទាវបានលើកទឹកចិត្តដល់ លោកឧកញ៉ា លី ឃុនថៃ សមាជិក និងសមាជិកានៃសមាគម ចូលរួមឲ្យកាន់តែសកម្ម ក្នុងការងារសង្គម និងសកម្មភាពមនុស្សធម៌នានា ព្រមទាំងចូលរួមលើកស្ទួយវិស័យឧស្សាហកម្មផលិតស្បែកជើងនៅប្រទេសកម្ពុជាឲ្យកាន់តែមានភាពរឹងមាំ ប្រកបដោយគុណភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះខ្លាំងឡើងជាលំដាប់។