រាជរដ្ឋាភិបាលកម្ពុជាសូត្រមន្តកាន់បិណ្ឌ បង្សុកុលឧទ្ទិសកុសលផលបុណ្យជូនដល់ព្រលឹងអ្នកស្លាប់នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ១៨/០៩/២០១៩ 656 ប្រពៃណី-សាសនា លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីរាប់បាត្រក្នុងវេនកាន់បិណ្ឌទី៥ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ទួលស្លែង ព្រឹកថ្ងៃពុធ ០៥រោច ខែភទ្របទ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៩ ។ ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធី តាមរយៈសំណូមពរ និងការស្នើសុំរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញនោះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមានសមាជិកស្លាប់ក្នុងគុកទួលស្លែងនោះ។ ពិធីព្រះពុទ្ធសាសនានេះបានរៀបចំឡើង ដើម្បីឧទ្ទិសផល្លាមហាកុសល ដែលកើតឡើងពីការប្រគេនចង្ហាន់បិណ្ឌបាត្រដល់ព្រះសង្ឃឧទ្ទិសកុសលដល់អ្នកដែលបានរងគ្រោះស្លាប់ទាំងវេទនា នៅក្នុងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃក្នុងគុក ទួលស្លែង កាលពីអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩ ។ ក្នុងពិធីនេះផងដែរ ក៏មានការរាប់បាត្រព្រះសង្ឃ វេរប្រគេនទេយ្យវត្ថុចំនួន ៤៨ អង្គ ផងដែរ។ លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអុជធូប បួងសួង សូមឲ្យព្រលឹងវិញ្ញាណទាំងនោះ បានទៅចាប់កំណើតនៅទីឋានដែលសមគួរផងចុះ និងបានទៅកាន់សុគតិភព កុំបីឃ្លាងឃ្លៀតឡើយ៕