លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញអុជធូបបួងសួងនៅព្រះចេតិយនាងក្រពុំឈូក ២១/០៩/២០១៩22/09/2019 856 ក្រចេះ, ប្រពៃណី-សាសនា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្ត្រីរាជការ ខុទ្ទកាល័យ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្រុមគ្រួសារ បានអញ្ជើញអុជធូបបួងសួងនៅព្រះចេតិយនាងក្រពុំឈូក ស្ថិតនៅក្នុងវត្តសិរីសុន្ធរវង្ស ហៅ (វត្តក្រចេះក្រុង) ខេត្តក្រចេះ នាព្រឹកថ្ងៃសៅរ៍ ០៩រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកនូវបច្ច័យទៅវេរប្រគេនព្រះសង្ឃសម្រាប់ចាត់ចែងក្នុងវេនកាន់បិណ្ឌទី៨ និងមួយផ្នែកទៀតសម្រាប់បន្តការកសាងនូវប្រាសាទនាងក្រពុំឈូក ដែលដំណើរការសាងសង់បានប្រមាណជា ៥០%ហើយ។ ពិធីថ្ងៃនេះអាចប្រព្រឹត្តទៅបានដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងប្រារព្ធពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នៅថ្ងៃទី ២៧-២៨-២៩ ខែកញ្ញា ឆ្នាំ២០១៩ នាពេលខាងមុខនេះ។ ចំណែកឯទឹកចិត្តសទ្ធាជ្រះថ្លានាថ្ងៃនេះបានកើតឡើងចេញពីការរួមសាមគ្គីពីសំណាក់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ទាំងអស់គ្នាបានបរិច្ចាកថវិកាផ្ទាល់ខ្លួនចូលរួមក្នុងការកសាង និងបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។ បន្ទាប់ពីបានបួងសួងរួចមក លោកជំទាវក៏បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ កុមារនៅមជ្ឍមណ្ឌលកុមារកំព្រា SOS មណ្ឌលខេត្តក្រចេះ និងពិនិត្យមើលស្ថានភាពទឹកទន្លេខេត្តក្រចេះផងដែរ។