លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តវិហារសសរ ១០០ ២២/០៩/២០១៩ 715 ក្រចេះ, ប្រពៃណី-សាសនា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច រួមជាមួយ ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្ត្រីរាជការ ខុទ្ទកាល័យ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិនៃក្រសួងមុខងារសាធារណៈចុះជួយស្រុកសំបូរ បានអញ្ជើញចូលរួមក្នុងវេនកាន់បិណ្ឌទី៩ នៅវត្តវិហារសសរ ១០០ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ។ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំលេងភ្លេងប្រពៃណីខ្មែរ និងរបាំ ថ្វាយដល់បារមីនាងក្រពុំឈូក ស្ថិតក្នុងវត្តវិហារសសរ ១០០ បន្ទាប់មកទៀតបានបន្តកម្មវិធីសូត្រមន្តវេនកាន់បិណ្ឌទី៩ និងចែកអំណោយជូនប្រជាពលរដ្ឋជាង ១.២០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន សារ៉ុង ១ និងថវិការមួយចំនួន។ លុះព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវក៏បាននាំយកនូវបច្ច័យ ទេយ្យវត្ថុទៅវេរប្រគេនព្រះសង្ឃនៅវត្តវិហារសសរ១០០ និងវត្តគោក ក្នុងវេនកាន់បិណ្ឌទី៩ និងរាប់បាត្រព្រះសង្ឃ ចំនួន១០២អង្គ ជាកិច្ចបង្ហើយបុណ្យផងដែរ។ ថ្លែងក្នុងពិធីនោះ លោកជំទាវក៏បានមានប្រសាសន៍ថា ដោយសាតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងប្រារព្ធពិធីកាន់បិណ្ឌ។ ចំណែកឯទឹកចិត្តសទ្ធាជ្រះថ្លានាថ្ងៃនេះបានកើតឡើងចេញពីការរួមសាមគ្គីពីសំណាក់ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ទាំងអស់គ្នាបានបរិច្ចាកថវិកាផ្ទាល់ខ្លួនចូលរួមក្នុងការកសាង និងបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកជំទាវបានបន្តទៀតថា ប្រជាពលរដ្ឋគឺត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល ប្រឹងប្រែងអភិវឌ្ឍមូលដ្ឋាន អាជ្ញាធរមូលដ្ឋានត្រូវខិតខំប្រឹងប្រែងបម្រើសេវាសាធារណៈឲ្យបានល្អ ដោយមិនត្រូវខ្វល់ខ្វាយរឿងអ្នកណាចូលស្រុក ឬមិនចូលស្រុកនោះទេ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា៕