លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយកុមារកំព្រា និងបុគ្គលិកនៃមណ្ឌលទាំង១៣ ជិត ១.០០០នាក់ នៅរាជធានីភ្នំពេញ ២៣/០៩/២០១៩ 740 ការងារសង្គម, រាជធានីភ្នំពេញ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់កុមារកំព្រា និងបុគ្គលិកនៃមណ្ឌលគោលដៅទាំង១៣ ក្នុងរាជធានីភ្នំពេញ ប្រមាណជិត ១.០០០នាក់។ ពិធីនោះត្រូវបានប្រារព្ធឡើងនៅមណ្ឌលកុមារកំព្រាសែនសុខ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអមដំណើរដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោក ឱម វិសាល តំណាងធនាគារ អ៊ឹមធីអ៉ិនអែមភឺរ័របែង រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងប្រធានមណ្ឌលទាំង១៣ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃច័ន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងពីរ តែងតែគិតគូរពីសុខទុក្ខ ផ្ដល់នូវភាពកក់ក្ដៅ តាមរយៈការជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកា គាំទ្រ និងលើកចិត្តទឹកដល់ក្មួយៗកុមារកំព្រាទាំងអស់នៅទូទាំងប្រទេស។ លោកជំទាវបានបន្តទៀតថា ការពិតក្មួយៗកំព្រាឪពុកម្តាយមែន តែចិត្តក្មួយៗមិនកំព្រាទេ ព្រោះក្មួយៗមាន សម្ដេចទាំងពីរ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ តែងតែនៅក្បែរក្មួយៗជានិច្ច ដើម្បីដោះស្រាយការលំបាក និងក្តីកង្វល់នានារបស់ក្មួយៗ។ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានមណ្ឌល បុគ្គលិក និងម៉ែដោះ ដែលបានជួយថែទាំដល់កុមារកំព្រាទាំងអស់ ហើយក៏សូមអរគុណពីការជួយឧបត្ថម្ភគាំទ្រពីវិស័យឯកជន ជាពិសេស ធនាគារអ៊ឹមធីអ៉ិនអែមភឺរ័របែង ដែលបាន ចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងការងារមនុស្សធម៌នាពេលកន្លងមក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលផង ក៏ដូចជាថែរក្សានូវអនាគតធនធានមនុស្សរបស់កម្ពុជាផង។ ជាក់ស្តែងថ្ងៃនេះ ធនាគារអ៊ឹមធីអ៉ិនអែមភឺរ័របែង ក៏បានផ្តល់ជូននូវរបស់របរប្រើប្រាស់ប្រចាំថ្ងៃដល់មណ្ឌលទាំង១៣ រួមមាន ៖ អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ប្រេងឆា មី និងអំបិល។ ចំណែកឯកុមារម្នាក់ៗទទួលបាន កន្សែងពោះគោ១ ភួយ១ សាប៊ូលុច ១កញ្ចប់ ថ្នាំដុសធ្មេញ ១ប្រអប់ ច្រាសដុសធ្មេញ ១ សាប៊ូកក់សក់ ១ដប និងថវិកាមួយចំនួន និងបុគ្គលិកតាមមណ្ឌលក៏បានទទួលថវិការឧបត្ថម្ភផងដែរ។ លោកជំទាវក៏បានសំណូមពរឲ្យម៉ែដោះ បន្តយកចិត្តទុក្ខដាក់បន្ថែមទៀតក្នុងការជួយថែទាំដល់កុមារកំព្រាទាំងអស់ និងអំពាវនាវដល់ សប្បុរសជននានា ក៏ដូចជាវិស័យឯកជនបន្តជួយឧបត្ថម្ភគាំទ្រដល់កុមារកំព្រាទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសផងដែរ៕