លោកវរសេនីយឯក ម៉ៅ រ៉ាន្នី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវចែកជូនកុមារ អេស អូ អេស ក្រចេះ ២៤/០៩/២០១៩19/01/2021 795 ការងារសង្គម, ក្រចេះ លោកវរសេនីយឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយកុមារ និងបុគ្គលិកថែទាំ នៅភូមិកុមារ អេស អូ អេស ខេត្តក្រចេះ កាលពីរសៀលថ្ងៃច័ន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។ ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ីន ប៊ុនធឿន ប្រធានភូមិ កុមារ អេស អូ អេស ក្រចេះ លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តក្រចេះ លោកគ្រូ អ្នកគ្រូ បុគ្គលិកថែទាំកុមារ សរុបចំនួន ១០៦ នាក់។ ថ្លែងក្នុងឱកាសនោះ លោកវរសេនីយឯក ម៉ៅ រ៉ាន្នី ក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់ក្មួយៗ និងបុគ្គលិកថែទាំទាំងអស់ដោយក្តីនឹករលឹក។ លោកបានបន្តទៀតថា ប្អូនៗត្រូវខិតខំរៀនសូត្រ និងត្រង់ត្រាប់ស្តាប់ការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងធ្វើជាក្មេងល្អ ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាយុវជនបន្តវេនរបស់ប្រទេសជាតិ។ បន្ទាប់មកទៀត លោកវរសេនីយឯក ម៉ៅ រ៉ាន្នី ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទៅចែកជូនដល់កុមារ បុគ្គលិកថែទាំកុមារទាំងអស់ រួមមាន ៖ នំ ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ សាំងវិច និងថវិកាមួយចំនួន។ ជាការឆ្លើយតបក្នុងនាមអ្នកគ្រប់គ្រង និងកុមារទាំងអស់បានបង្ហាញអំពីការរំភើប និងសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់លោកជំទាវ និងគោរពជូនពរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងក្រុមគ្រួសារមានសុខភាពល្អ និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕