លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ​ចូលរួម​សូត្រមន្ត​ឆ្លង​វេន​កាន់បិណ្ឌទី១២ វត្តមុនីសុវណ្ណ ហៅ (វត្តចំពុះក្អែក)

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួម​ជាមួយ លោកជំទាវ ហង្ស ភារី អ៊ឹម សិទ្ធី ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទជាច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១២ នៅវត្តមុនីសុវណ្ណ ហៅ (វត្តចំពុះក្អែក) ដែលស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ។

ក្នុងពិធីនោះផងដែរ លោកជំទាវក៏បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃ សមាទានសិល ធ្វើកិច្ចនមស្សការ បង្សុកុល ព្រមទាំង​បាននាំ​យក​នូវបច្ច័យទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសំឡ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ និងរាប់បាត្រ ដើម្បី​ឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន ក៏ដូចជាឧទ្ទិសដល់ ដួង​វិញាណក្ខ័ន្ធរបស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បួងសួងថ្វាយព្រះពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃ គ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និង​សេចក្តី​ចម្រើន​គ្រប់ៗគ្នាជារៀងរហូត៕