លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបួងសួងនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញចូលបួងសួងនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប កាលព្រឹកថ្ងៃអង្គារ៍ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ។

ឆ្លៀតក្នុងពិធីនោះផងដែរ លោកជំទាវក៏បានជួបសំណេះសំណាលជាមួយ រួមមាន ៖ ឆ្មាំប្រាសាទ អ្នកមគ្គុទ្ទេសទេសចរណ៍ បុគ្គលិកជួសជុល និងថែទាំប្រាសាទ បុគ្គលិករបស់ក្រុមហ៊ុន VGREEN បុគ្គលិកបេតិកភណ្ឌពិភពលោកប្រចាំនៅតំបន់អង្គរ បុគ្គលិករបស់អាជ្ញាធរអប្សារា​ប្រចាំនៅតំបន់អង្គរ បងប្អូនប្រជាពលរដ្ឋ ក្មួយៗកុមារាកុមារី កងកម្លាំងប្រដាប់អាវុធផ្នែកការពារសន្តិសុខសណ្តាប់ធ្នាប់​ប្រចាំការនៅតំបន់នោះ ។ ដោយក្តីអាណិតអាសូរ លោកជំទាវក៏បានឧបត្ថមជូនដល់ស្ត្រីជាអ្នករើសសំបកកំប៉ុង ដែលត្រូវបានប្តីបោះបង់ចោលតាំងពីកូននៅក្នុងផ្ទៃ ដែលបច្ចុប្បន្ននេះទើបតែសម្រាលបាន ៣ខែ។

លោកជំទាវក៏បានផ្តាំផ្ញើ​ឲ្យក្រុមការងារពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសម្អាតអនាម័យ និងថែរក្សាបរិស្ថានឲ្យបានល្អ ជា​ពិសេស គឺថែទាំប្រាង្គប្រាសាទដែលជាស្នាដៃរបស់បុព្វបុរសរបស់យើងឲ្យនៅគង់វង្សបានល្អ ដើម្បីលើកស្ទួយ​ដល់វិស័យ​ទេសចរណ៍​ធ្វើឲ្យ​ប្រាសាទកាន់តែមានសោភណ្ឌភាព និងមានភាពទាក់ទាញដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិឲ្យមកទស្សនាខេត្តសៀមរាប និង​ចូលរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា៕