លោកជំទាវ ម៉ែន សំអន ៖ ខេត្ត​ស្វាយរៀង​ពុំមានតំបន់ទេសចរច្រើន ប៉ុន្តែមានទួលបុរាណជាច្រើនដូចជាប្រាសាទព្រៃបាសាក់ និង​ទួលយាយ​ដូន ដែលជាទួលមានបារមីដ៏ពូកែស័ក្តសិទ្ធ

លោកជំទាវកិត្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង​ជា​ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានមានប្រសាសន៍ថា ខេត្តស្វាយរៀងពុំសូវមានតំបន់ទេសចរណ៍ច្រើនទេ ប៉ុន្តែ​មាន​ទួល​បុរាណជាច្រើនកន្លែង ដូចជាប្រាសាទព្រៃបាសាក់ ទួលយាយដូននៅក្រុងបាវិត និងទួលជាច្រើនទៀតដែលមានបារមីសក្ក័សិទ្ធ ដូច្នេះយើងរួមគ្នាថែរក្សា អភិរក្ស និងកុំកាប់ដើមឈើទុកជាទីកន្លែងទេសចរណ៍ សម្រាប់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិមកទស្សនាកម្សាន្តផងដែរ។

ការថ្លែងលើកឡើងបែបនេះនៅគ្រាដែលលោកជំទាវបានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុង ចូលទៅរមណីយដ្ឋាន​ប្រាសាទ​ព្រៃបាសាក់ នៅព្រឹកថ្ងៃអាទិត្យ ៨កើត ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកជំទាវបានថ្លែងអំណរគុណ ជូន​ចំពោះ លោកជំទាវ ហង់ ភារី ព្រមទាំងក្រុមគ្រួសារ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជនទាំងអស់ ដែលបា​ន​រួមចំ​ណែ​ក​ឧបត្ថម្ភក្នុងការកសា​ងផ្លូវបេតុងមួយនេះ​ឱ្យលេចជាសមិទ្ធផលរួចរាល់ជាស្ថាពរ ហើយរៀ​ប​ចំ​ពិធី​សម្ពោធឆ្លងយ៉ាងអ​ធិ​កអ​ធ​ម​នាឱកាសនេះ។ ចំពោះតំបន់ប្រវត្តិសាស្ត្រព្រៃបាសាក់នេះ ត្រូវបានផ្តួចផ្តើមកសាងឡើងវិញពីសំណាក់ ឯកឧត្តម អ៊ឹម សិទ្ធី (បានទទួលមរណភាព) និងលោកជំទាវ ហង់ ភារី ដែលគ្រួសាររបស់លោកជំទាវមានទឹកចិត្តជ្រះថ្លាក្នុងការកសាងផ្លូវបេតុង សាលា​បុណ្យ រូបសំណាកព្រះអង្គធំ និង ផ្លូវលំជាប់បឹង ។ល។

លោកជំទាវបានបន្ត​​ថា សមិទ្ធិផលនានា​ក្នុងស្រុកស្វាយជ្រំ ​ក៏ដូចក្នុង​ខេត្ដស្វាយ​រៀងទាំងមូល​​​មានការ​រីកចម្រើន​គ្រប់​វិស័យ​គួរឲ្យក​ត់​សម្គាល់ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន ផ្លូវ ថ្នល់ ជាដើម។ ការកែ​លម្អ​​ជួសជុល​សំណង់អ​គារ ផ្លូវថ្នល់ ផ្លូវខេត្ត ផ្លូវលំ ទំនប់ទឹក ប្រឡាយទឹក មាន​តំបន់សេដ្ឋកិច្ចពិសេ​ស ​មាន​រោងចក្រឧស្សាហកម្ម ដែលបាន​​បង្កើត​ការងារ​ជូន​ដល់​កម្មករ កម្មកា​រិនីចំនួនជិត ប្រាំម៉ឺននាក់ ​ជូនដល់​កូនចៅប្រជាពលរដ្ឋ ធ្វើឱ្យជីវភាព​រស់​នៅរបស់​ប្រជាជន​កាន់តែប្រសើរ​ឡើងជា​​លំដាប់ ហើយ​បណ្តា​សមិទ្ធិផល​ទាំងអស់​នេះ បានធ្វើឱ្យខេត្ត​ស្វាយរៀង​ប្រែមុខ​មាត់ថ្មី​យ៉ាង​ស្រស់​បំព្រង និងមាន​​សកម្មភាព​​សង្គម​​សេដ្ឋកិច្ច ប្រទាក់​ក្រ​ឡា​​គ្នា​យ៉ាងសកម្ម​ និងរស់រវើកគួរជាទីមោទនៈភាពក្រៃលែង។

លោកជំទាវបានថ្លែងនូវការផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍ និងរួមគ្នាថែរក្សា​នូវ​សមិទ្ធផល​នានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់​វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។ ចំណែក​ឯមន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់ ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេ​វាសាធារណៈឱ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាពិសេស នៅមូលដ្ឋានត្រូវពង្រឹងសុវត្ថិភាពភូមិ ឃុំ មិនត្រូវឲ្យមានបងតូច បងធំ និងចោរកម្មផ្សេងៗកើតឡើងឡើយ និង​អាជ្ញាធរ​គ្រប់​លំដាប់​​ថ្នាក់ត្រូវខិតខំដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាទាំងសេវា សំណូមពរ និងសេវាតម្រូវការ។ ចំណែក​ឯប្រជាពលរដ្ឋត្រូវរួមគ្នាកាសាង និងអភិវឌ្ឍន៍ ភូមិ ឃុំ​ ឲ្យមានភាពរីកចម្រើន ទប់ស្កាត់​រាល់ឧបាយកល​ដែលក្រុមអគតិ​មានបំណង​អាក្រក់​ចង់​បង្ករចលាចល អសន្តិសុខ អនាធិបតេយ្យ ថ្ងៃ ០៩ វិច្ឆិកា ២០១៩។

លោកជំទាវបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ សូមឲ្យប្រជាពលរដ្ឋនៅទូទាំង​ប្រទេស​យក​ថ្ងៃនេះ​ទទួលទានអំបុកទាំងអស់គ្នា ដើម្បីបង្ហាញអំពីសាមគ្គីភាព ការពារព្រះមហាក្សត្រ និង ជាតិសាសនា។ ជាមួយគ្នា​នេះលោកជំទាវ​ក៏​បាន​អំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង សមាជិក សមាជិកា គណបក្សប្រជាជន ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាហូបអំបុក​ទាំងអស់គ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចូលរួមឲ្យបានច្រើនកុះករក្នុងព្រះរាជពិធីបុណ្យអុំទូក អកបំបុក និងសំពះព្រះខែ ដែល​ឈាន​មកដល់នាពេលខាងមុខនេះ ហើយសម្រាប់ខេត្តស្វាយរៀងនឹងមានព្រឹត្តការណ៍អុំទូក នៅថ្ងៃទី២៧ ខែតុលា ខាងមុខនេះផងដែរ ដូច្នេះ​ចូល​រួម​សប្បាយទាំងអស់គ្នា៕