វេទិកាសុខភាព ស្តីពីការស្វែងយល់អំពីជម្ងឺទឹកនោមផ្អែម ១០/១០/២០១៩11/10/2019 877 លោកជំទាវ វង់ មយូរា, សុខាភិបាល លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងវេទិកាសុខភាព ស្តីពីការស្វែងយល់អំពីជម្ងឺទឹកនោមផ្អែម នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។ លោកជំទាវ វង់ មយូរា បានមានប្រសាសន៍ថា កម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយសារតែមានកិច្ចសហការរវាងមន្ទីរពេទ្យ ព្រះកេតុមាលា និង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលស្ថានប័នទាំងពីរនេះបានចុះ អនុស្សារណៈយោគយល់គ្នាស្តីពី ការលើកកម្ពស់សុខភាពសាធារណៈ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ។ ក្នុងពិធីនោះផងដែរក៏មានការធ្វើបទបង្ហាញពីលោកវេជ្ជបណ្ឌិតឯកទេសចំនួន ៣រូប រួមមាន ៖ ទី១ លោកវេជ្ជបណ្ឌិត ព្រំ វិសេស អនុប្រធានមន្ទីរពេទ្យព្រះកេតុមាលស ឯកទេស បេះដូង សសៃឈាម និងថតឆ្លុះសសៃឈាម ទី២ សាស្រ្តាចារ្យ ហែម សុគន្ធា អនុប្រធានអាគារវះកាត់សសៃប្រសាទ ឯកទេស វះកាត់សសៃប្រសាទ និងទី ៣ លោកវេជ្ជបណ្ឌិត យុន សុភ័ស្ត ប្រធានផ្នែកពិគ្រោះជម្ងឺក្រៅ និងអេកូសាស្ត្រ បេះដូង និងសសៃឈាម។ ក្នុងបទបង្ហាញទាំងនោះក៏បានផ្តោតជាសំខាន់ទៅលើជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម និងជម្ងឺកកសសៃឈាមក្នុងបេះដូង ដោយបានលើកអំពីកត្តាមួយចំនួនដែលជារោគសញ្ញា បញ្ហាប្រឈម និងការព្យាបាលជូនដល់អង្គពិធីទាំងមូលផងដែរ។