ព្រះអគ្គញាណ ស្រេង សុខា ព្រះចៅអធិការវត្តនិរោធរង្សី និងលោកជំទាវ សុភ័គ្គ ថាវី បានប្រគេន និងជូនភ្លើងបូជាសព ឯកឧត្តម សុខ ផល្លា ជាលើកចុងក្រោយ

លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបូជាសព ឯកឧត្តម សុខ ផល្លា ប្រធាននាយកដ្ឋានអធិការកិច្ចទី ២ ដែលបានទទួលមរណៈភាពកាលពីថ្ងៃអង្គារ៍ ១០កើត​ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ វេលា​ម៉ោង ៤:៣០នាទីព្រឹក ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយរោគាពាធ។ ពិធីត្រូវបានប្រារព្ធឡើងតាមបែបប្រពៃណីព្រះពុទ្ធសាសនា នៅវត្តនិរោធរង្សី ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំរកា ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ​២០១៩ ។

ក្នុងពិធីបូជាសពនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាយ៉ាងច្រើនកុះករ ហើយ​ក៏​បានទទួលការប្រទានភ្លើងបូជាសពពីសំណាក់ ព្រះអគ្គញាណ ស្រេង សុខា ព្រះរាជាគណៈថ្នាក់កិត្តិសយ និងជាព្រះសមុហ៍ អនុគណ​ខណ្ឌ​ច្បារអំពៅ និងជាព្រះចៅអធិការវត្តនិរោធរង្សី និងលោកជំទាវ សុភ័ក្រ ថាវី ជូនដល់សព ឯកឧត្តម សុខ ផល្លា ជាលើកចុងក្រោយផងដែរ ។

លោកជំទាវ សុភ័គ្គ ថាវី ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សុខ ផល្លា ឆាប់បានទៅកាន់​សុគតិភព​កុំបីឃ្លៀងឃ្លាត​ឡើយ៕