ប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា​-ព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំ​ដោយ​លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​ចាកចេញ​ពី​កម្ពុជា​នា​រសៀលថ្ងៃចន្ទនេះ ដើម្បី​ធ្វើ​ទស្សនកិច្ច​ជាផ្លូវការនៅប្រទេសវៀតណាម

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ឡេ មិញខាយ (H.E Mr Le Minh Khai) អគ្គអធិការ (រដ្ឋមន្ត្រី) នៃ អគ្គលេខាដ្ឋាន​អធិការកិច្ច​រដ្ឋាភិបាលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងទំនាក់ទំនងជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និងអធិការកិច្ច នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានឲ្យដឹងថា៖ ក្នុងដំណើរ​ទស្សនកិច្ច​នេះ​មានគោលបំណងអនុវត្តអនុស្សារណៈយោគយល់ ដែលស្ថាប័នគ្រប់គ្រងវិស័យអធិការកិច្ចនៃប្រទេសទាំងពីរ បានចុះហត្ថលេខាតាំងពីឆ្នាំ ២០០៥ កន្លងមក និង ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ និង ផ្លាស់ប្តូរបទពិសោធន៍លើ​ការងារ​អធិការកិច្ច ការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ និងការទប់ស្កាត់អំពើពុករលួយ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា៖ ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងចូលជួបសំដែងការគួរសមជាមួយនាយករដ្ឋមន្រ្តីវៀតណាម និងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាការដ្ឋាន អធិការកិច្ចរដ្ឋាភិបាលវៀតណាម។ ក្រៅពីនេះគណៈប្រតិភូក្រសួងនឹងធ្វើទស្សនកិច្ចដកស្រង់​បទពិសោធន៍​នៅ​ទីក្រុង​ហាណូយ ទីក្រុងដាណាំង (Da Nang) និង ក្រុងហូជីមិញ (Ho Chi Minh)។

សូមបញ្ជាក់ថា៖ ប្រតិភូអមដំណើរលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នាពេលនេះរួមមាន ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ឯកឧត្តម សុត គីមសាន អនុរដ្ឋលេខាធិការ ឯកឧត្តម ប៉ែន ច័ន្ធសុខរិន ប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុក​អគ្គនាយកដ្ឋាន​រដ្ឋបាលកិច្ចការទូទៅ ឯកឧត្តម ឈួរ រស្មីឬទ្ធិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានអធិការកិច្ច ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីជំនាញក្រសួងមួយចំនួនទៀត៕