លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈ​ប្រតិភូ​ក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច ចូលជួប​សម្តែង​​ការ​គួរសម​ជាមួយ ឯកឧត្តម ឡេ មិញខាយ អគ្គអធិការ នៃ​អគ្គលេខាធិការដ្ឋាន​អធិការកិច្ច​រដ្ឋាភិបាលវៀតណាម នៅ​ប្រទេស​វៀតណាម

ជំនួបការងាររវាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច ជាមួយនិង ឯកឧត្តម ឡេ មិញខាយ អគ្គអធិការ នៃអគ្គលេខាធិការដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេសវៀតណាម នារសៀលថ្ងៃទី ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា៖ តាមរយៈ ជំនួបនាថ្ងៃនេះ​ គឺជាការអនុវត្តតាមអនុសារណៈយោគយល់គ្នា​រវាង​ក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងអធិការកិច្ចរដ្ឋាភិបាល នៃ​សាធារណៈរដ្ឋ​សង្គមនិយមវៀតណាម ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច ដែលបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ ២០០៥ ។

លោកជំទាវក៏បានស្នើឲ្យ ឯកឧត្តម ឡេ មិញខាយ ជួយពង្រឹងបន្ថែមទៀតដល់វិទ្យាស្ថានជាតិអធិការកិច្ច ជាពិសេសផ្នែកស្រាវជ្រាវ និង​បោះពុម្ព​ផ្សាយ និងផ្តល់គ្រូជំនាញដើម្បីទៅបង្រៀននៅវិទ្យាស្ថានជាតិអធិការកិច្ច រយៈពេលខ្លី និងរយៈពេលមធ្យម។

ជាការឆ្លើយតប ឯកឧត្តម ឡេ ម៉ិញខាយ ក៏បានឯកភាពទាំងស្រុងលើសំណើសុំរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រោះថា ការបញ្ជូនគ្រូឧទ្ទេសនាមពីប្រទេសវៀតណាមទៅបង្រៀនដល់មន្ត្រីនៅវិទ្យាស្ថានជាតិអធិការកិច្ចនោះ គឺ​ភាគី​កម្ពុជា​អាច​មាន​លទ្ធភាព​បញ្ជូន​មន្ត្រីរាជការមកទទួលការបណ្តុះបណ្តាលបានច្រើននាក់។

បន្ទាប់មកទៀត លោកជំទាវក៏បានអញ្ជើញ ឯកឧត្តម ឡេ មិញខាយ អញ្ជើញដឹកនាំគណៈប្រតិភូ​ទៅបំពេញទស្សនៈកិច្ចជាផ្លូវការ​នៅ​ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាណាមួយដ៏សមស្របក្នុងឆ្នាំ ២០២០ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និង​ពង្រឹង​ការងារ​អធិការកិច្ច​រវាង​ប្រទេសទាំងពីរក្នុងការទប់ស្កាត់នូវអំពើពុករលួយ និងបាតុភាពអសកម្មនានា ដើម្បីចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស។