លោកជំទាវកិត្តិសង្គហបណ្តិត ម៉ែន សំអន បានអញ្ជើញជាអធិបតីកិត្តិយសក្នុងពិធីជប់លៀងអបអរសាទរនៃការប្រណាំងកង់ឆ្លងកាត់ ៣ប្រទេសគឺ៖ វៀតណាម កម្ពុជា ឡាវ

លោកជំទាវកិត្តិសង្គហបណ្តិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញជាអធិបតីកិត្តិយសក្នុងពិធីជប់លៀងអបអរសាទរនៃការមកដល់របស់ក្រុមកីឡាករការប្រណាំងកង់ណាមគីខើយងៀ ដណ្ដើម​ពាន​រង្វាន់ស្ថានីយ៍វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ (VOH) លើកទី២២ ដែលបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ នារាត្រីថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២២ ខែតុលា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានសូរិយា។

សមាសភាពចូលរួមអមជាកិត្តិយស រួមមាន ៖ ១.ឯកឧត្តម វូ ក្វាងម៉ិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ​សង្គម​និយម​វៀតណាមប្រចាំកម្ពុជា ២. ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ៣. លោក ឡេ កុងដុង នាយក​ស្ថានីយ៍វិទ្យុ​សម្លេង​ប្រជាជនទីក្រុងហូជីមិញ និងសហការី ៤. លោកឧកញ៉ា សុខ ឆេង អគ្គនាយករងក្រុមហ៊ុនយីតាក់ហ្គ្រុប និងលោកជំទាវ ៥.ឯកឧត្តម ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និង កីឡាករចូលរួមមកពីប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម និង​ក្រុមការងារ​បច្ចេកទេស សរុបចំនួន ជាង២០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា សុខ ឆេង បានមានប្រសាសន៍ថា ៖ ការប្រណាំងនេះ គឺជាការប្រណាំងជំនាញ ដែលមានរយៈ​ចំងាយ​ឆ្ងាយ គឺឆ្លងកាត់បីប្រទេស ដោយចាប់ផ្តើមចេញដំណើរពីប្រទេសវៀតណាម ឆ្លងកាត់កម្ពុជា និងឆ្ពោះទៅបញ្ចប់នៅប្រទេសឡាវ។ កម្មវិធី​នេះ​ត្រូវបានបង្កើតឡើងក្នុងន័យ ៖ ទី១.ឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ជាពិសេស រវាងកម្ពុជា វៀតណាម ឡាវ និងថៃ ។ ទី២. ការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាង​បណ្ដា​ប្រទេស​នៅ​ក្នុងតំបន់អាស៊ាន នឹងបន្តថែរក្សានូវប្រពៃណីទំនាក់ទំនងដ៏ល្អ ហើយធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍ និង ទី៣.លើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើង ស្របតាមពាក្យស្លោក “កីឡានាំមកនូវ សុខភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ” ។

ជាទីបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមជាមួយប្រតិភូអមជាកិត្តិយស បានចុះហត្ថលេខាជានិមិត្តរូបលើអាវកីឡាករ ដើម្បី​ជាសក្ខីភាពបញ្ជាក់ថា ក្រុមកីឡាករបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ និងបានទទួលទៀនអាហារសាមគ្គីរួមគ្នាក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន យីតាក់ហ្គ្រុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕