លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ វណ្ណកម្មចាស់ៗ​ត្រូវ​បាន​ស្រាវ​ជ្រាវ អភិរក្ស និងផ្សព្វផ្សាយឡើងវិញ តាមរយៈ ក្រុមព្រះសុរិយា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញ​ជាអធិបតីក្នុងពិធីបិទកម្មវិធី មួយម៉ឺនអាល័យលើកទី៥ នារាត្រីថ្ងៃទីព្រហស្បត្តិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ។

លោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងនូវការកោតសសើរដល់ ក្រុមព្រះសុរិយា ដែលបានរៀបចំ​បង្កើតឲ្យមាន​កម្មវិធី ​មួយម៉ឺនអាល័យ នេះ​ឡើង និងបានខិតខំស្រាវជ្រាវនូវវណ្ណកម្មផ្នែកសោតទស្ស និងស្នាដៃនិពន្ធចាស់ៗ ដែលបានកប់បាត់ពីអតីកាល និងបានចងក្រង​ឡើង​វិញ​តាមទម្រង់ដើម ហើយដាក់បញ្ជាំងជូនទស្សនិកជនបានទស្សនា។

លោកជំទាវបានបន្តទៀតថា ពីឆ្នាំ១៩៤៩ ដល់ ឆ្នាំ១៩៧៥ គឺជាសម័យកាលមាស នៃការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យ ភាពយន្ត ខ្មែរ ដែល​ពេលនោះ ខ្សែភាពយន្ត មួយចំនួនធំបានបង្ហាញខ្លួន និងមានឥទ្ធិពលនៅលើទីផ្សារ ភាពយន្ត តំបន់ និងអន្តរជាតិជាហូហែរ។

វិស័យភាពយន្តខ្មែរបានចាប់កំណើតឡើង ដោយគំនិតផ្តួចផ្តើម របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលពេលនោះ ព្រះអង្គ​ត្រូវបានប្រសិទ្ធនាមថាជា ព្រះបិតាសិល្បៈភាពយន្តជាតិ នាឆ្នាំ១៩៤៩។ ការរីកចម្រើន​ជាបន្តបន្ទាប់បាន​ចេញជា​ផ្លែផ្កាគួរ​អោយ​កត់សម្គាល់ ដោយភាពយន្តខ្មែរមិនត្រឹមតែទទួលការគាំទ្រពីប្រជាជនខ្លួនឯងនោះទេ សូម្បីតែប្រជាជន នៃជាតិដទៃក៏ទទួល ស្គាល់ និងឱ្យ តម្លៃភាពយន្តទាំងនោះផងដែរ ពិសេសនៅប្រទេសថៃ និងសិង្ហបុរី ដោយ​សាតែក្នុងទស្សវត្ស៦០-៧០នោះការផលិតខ្សែរភាពយន្តរបស់កម្ពុជា គឺអាចថតបានក្នុងកម្រិត 2k រួចជាស្រេចហើយ ។

បើតាមការស្រាវជ្រាវរបស់ ក្រុមព្រះសុរិយា បានបង្ហាញថា មានវណ្ណកម្មភាពយន្តជាង៥០០រឿង ត្រូវបានផលិត​ជាហូរហែ​ក្នុងរយៈពេល​ជាង​២០​ឆ្នាំ និងបានបញ្ចប់ទាំងស្រុងនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ ប៉ុន្តែ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ​១៩៧៩ វិស័យ ភាពយន្ត កម្ពុជាបានរស់ឡើងវិញ យ៉ាងត្រដាបត្រដួស នៅពេលដែលសង្គ្រាមនៅតែអូសបន្លាយ រហូតដល់មាន នយោបាយ ឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨ ដែល កម្ពុជាទទួលបានសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេច​អគ្គមហាសេនាបតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វិស័យភាពយន្តក៏បានចាប់ផ្តើមរីកចម្រើន ឡើងវិញ​ជា​បណ្តើរៗ​។

លោកជំទាវក៏បានស្នើឲ្យក្រុមព្រះសុរិយាបន្តក្នុងការសិក្សាស្រាវជ្រាវ អភិរក្ស និងផ្សព្វផ្សាយបន្តបន្ថែមទៀត ដើម្បីចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យផ្នែកសោតទស្សរបស់កម្ពុជាឲ្យកាន់តែរីចម្រើនបន្ថែមទៀត។