លោកជំទាវ ម៉ែន សំអន ៖ សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន និងជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍន៍ជាតិ ២៨/១០/២០១៩29/10/2019 705 ប្រពៃណី-សាសនា, ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះសីមាឆ្លងអាស្រម និងរូបលោកតា ស្តេចពេជ្រ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណបញ្ជាការដ្ឋានកងវរសេនាតូចលេខ២ ការពារព្រំដែន ស្ថិតនៅក្នុងភូមិប្រសូតទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃ ច័ន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកសក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩។ លោកជំទាវក៏បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់អង្គពិធីផងដែរ។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ប្រទេសជាតិបច្ចុប្បន្នទទួលបានសុខសន្តិភាព និងការរីកចំរើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយបានខិតខំកសាងប្រទេសពីបាតដៃទទេ ស្តារ និងកសាងឡើងវិញជាបណ្តើរៗនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ និងវត្តអារាម ។ល។ រហូតទទួលបាននូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នាបានឃើញសព្វថ្ងៃនេះ ដែលក្នុងនោះខេត្តស្វាយរៀងក៏មានរោងចក្រ សហគ្រាស ក្រុមហ៊ុន ប្រមាណជា ១៩៧កន្លែង ដែលអាចទាក់ទាញកម្លាំងពលកម្មបានប្រមាណជាង ៨ម៉ឺននាក់។ ជាក់ស្តែងសមិទ្ធិផលថ្មីដែលដាក់សម្ពោធនាពេលនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមនាយឧត្តម ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេសក្រសួងការពារជាតិ និងលោកជំទាវ បានបង្ហាញអំពីការរីកចម្រើននៃខេត្តស្វាយរៀងផងដែរ។ លោកជំទាវក៏បានបន្តទៀតថា ៖ កងកម្លាំងប្រដាប់អាវុធមានភារកិច្ចធំៗជាចំបងគឺ ការពារ និងធានាសន្តិសុខ ស្ថិរភាពនយោបាយរបស់ជាតិ ដែលជាកត្តាចាំបាច់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍ប្រទេសជាតិ។ សូមបងប្អូនទាំងអស់ ជាពិសេស កងកម្លាំងប្រដាប់អាវុធ សូមតម្កល់ផលប្រយោជន៍ជាតិជាធំ ត្រូវដើរតាមមាគ៌ារបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ ការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាព និងសុភមង្គលរបស់ប្រជាជន ប្រឆាំងដាច់ខាតនូវអំពើក្បត់ជាតិ និងកលល្បិចរបស់ក្រុមក្បត់ជាតិ ដែលដឹកនាំដោយ សម រង្សី។