លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលទានអាហារជាមួយក្រុម​ការងារសិល្បករ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​ជួប​ដោយចៃដន្យជាមួយ កញ្ញា វង្ស ម៉ាលីន ដែលជាអ្នកចម្រៀងមកពីប្រទេសកាណាដា ទទួលបានជ័យលាភី ១ ផ្នែកចម្រៀងសម័យ កាល​ពី​ថ្ងៃ​ទី ២៦ ខែតុលា ឆ្នាំ២០១៩ និងក្រុមការងារ បានទទួលទានអាហាររួមគ្នានៅភោជនីយដ្ឋានសូរិយា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩។

ចូលរួមនាពេលនេះផងដែរក៏មានវត្តមានរបស់ លោកជំទាវ ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន លោកជំទាវ កងណែម លោក យស់ បូវណ្ណៈ ប្រធាន​គណៈកម្មការ​ចម្រៀងសាកល និងក្រុមការងារផងដែរ។ លោកជំទាវក៏បានកោតសសើរដល់ កញ្ញា ដែលបានបង្ហាញ​ពីពេទ្យកោសល្យ​ដ៏​ប៉ិន​ប្រសព្វ និងបានបញ្ចេញអស់ពីសមត្ថភាពក្នុងកម្មវិធីមហោស្រពសិល្បៈលើកទី៥ ឆ្នាំ២០១៩ ដែល​បានបិទបញ្ចប់កាលពីពេលថ្មីៗទៅនេះ។

លោកជំទាវក៏បានផ្តាំផ្ញើដល់ កញ្ញា វង់ ម៉ាលីន ត្រូវតែខិតខំពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត និងត្រូវចូលរួមថែរក្សា អភិរក្ស និង​លើកស្ទួយ​វិស័យ​សិល្បៈផ្នែកចម្រៀងសម័យឲ្យនៅគង់វង្សបានល្អ ដើម្បីអភិវឌ្ឍខ្លួន និងរំកិលខ្លួនចូលក្នុងកម្មវិធីរបស់ជាតិ និងអន្តរជាតិ ផ្សេងៗទៀត៕