លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានផ្តួចផ្តើមធ្វើអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផល នៅក្នុងវត្តទួលសង្កែ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួម​ជា​មួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវ លោកជំទាវ អាន្នី សុខអាន ឧបាសក ឧបាសិកា និង​អាចារ្យ​គណៈកម្មការ​វត្តទួលសង្កែ បានរៀប​ចំពិធី​សូត្រមន្តនៃអង្គកឋិនទាននៅវត្តទួលសង្កែ រសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លុះព្រឹកឡើង ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងដង្ហែរនៃអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុង​ពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តទួលសង្កែ ដែលស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ការ​រៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបាន​ជូននូវ​បុណ្យកុសល​ចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរុងចំរើន​ជារៀង​រហូត​ទៅ។