លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពី អធិការកិច្ច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​ដឹកនាំ​កិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពី អធិការកិច្ច នៅទីស្តីការក្រសួង នាព្រឹកថ្ងៃច័ន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក និងសមាជិក សមាជិកា នៃ​ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុតរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ច្បាប់​ស្តីពីអធិការកិច្ចនេះ បានចែកចេញជា ១៣ ជំពូក និង ៥៣មាត្រា មានដូចតទៅ៖ ជំពូកទី១ បទប្បញ្ញត្តិទូទៅ, ជំពូកទី២ ស្ថាប័ន​មាន​សមត្ថកិច្ច, ជំពូកទី៣ ស្ថាប័នអធិការកិច្ច, ជំពូកទី៤ ភារកិច្ច សិទ្ធិអំណាចរបស់ស្ថាប័នអធិការកិច្ច, ជំពូកទី៥ ប្រភេទអធិការកិច្ច, ជំពូកទី៦ មន្ត្រីអធិការកិច្ច, ជំពូកទី៧ កាតព្វកិច្ច និងសិទ្ធិរបស់ស្ថាប័នរងអធិការកិច្ច, ជំពូកទី៨ នីតិវិធីអធិការកិច្ច, ជំពូកទី៩ សេចក្តីសម្រេច​ស្តីពី​លទ្ធផល​អធិការកិច្ច, ជំពូកទី១០ ប្រតិអធិការកិច្ច, ជំពូកទី១១ ទោសប្បញ្ញត្តិ, ជំពូកទី១២ អន្តរប្បញ្ញត្តិ, និង ជំពូកទី១៣ អវសានប្បញ្ញត្តិ៕