លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ នារីក៏ត្រូវបាន រំដោះ​ពី​សំពាធ​ជាច្រើន ហើយមានសមភាពសម្រេច​កិច្ចការអ្វីៗ ស្នើនិងបុរស

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​ជួបសំណេះសំណាល ជាមួយនារីក្រសួង ប្រមាណ​ជាង​៤០០នាក់ ក្នុងឱកាសទិវាប្រារព្ធសិទ្ធិនារី ៨មីនា ឆ្នាំ២០១៩ នៅក្រសួងអធិការកិច្ច ក្រោម​ប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ពិធី​នេះ​បានប្រព្រឹត្ដធ្វើនៅថ្ងៃពុធ ០១​កើតខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ០៦ មីនា ឆ្នាំ២០១៩ ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា ៖ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវ​បាន​​​ពិភពលោក​ប្រារព្វធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាព​របស់នារីៗ​ក្នុង​ការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា ។ សម្រាប់​នៅកម្ពុជា​មិន​ថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែបច្ចុប្បន្ន​នេះ​នារីក៏ត្រូវបាន រំដោះពីសំពាធជាច្រើនហើយមានសមភាព សម្រេច​កិច្ចការអ្វីៗ ស្នើនិងបុរស មានសិទ្ធិសេរីភាព​ពេញលេញ​ក្នុងការចូលរួម​ក្នុងការធ្វើសេចក្តី​សម្រេច​ចិត្តនានា ក៏ដូចជាការចូលរួមក្នុងការងារសង្គមផងដែរ ។

លោកជំទាវក៏បានបន្តទៀតថា ដើម្បីលើកស្ទួយនូវតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសដ្ឋកិច្ច និងសង្គមជាតិ ក្នុងកិច្ចគាំពារ​សង្គមឲ្យមាន​ប្រសិទ្ធ​ភាព​នោះ សូមអំពាវនាវដល់អគ្គនាយកដ្ឋានទាំង៣ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបន្ដអនុវត្ដ បង្កើនស្នាដៃ និងសហការឲ្យបានល្អជាមួយ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ។

ជាទីបញ្ចប់​លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានជម្រុញ ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ ជួយសម្របសម្រួល ក្នុងការឧបត្ថម្ភ​ដល់​ស្ត្រី​ជាមន្ត្រីរាជការលំហែរមាតុភាព ស្របតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល​បានយកចិត្តទុកដាក់ដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។