សិក្ខាកាមចំនួន ៤០រូប បានទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាវគ្គបណ្តុះបណ្តាលពីវិទ្យាស្ថានជាតិអធិការកិច្ច ស្តីពី សវនកម្ម

ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី សវនកម្ម ជំនាន់២ វគ្គ៨ កម្រិត១ របស់វិទ្យាស្ថានជាតិអធិការកិច្ច នៅទីស្តីការក្រសួង នាព្រឹក ថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

វិទ្យាស្ថានជាតិអធិការកិច្ច បានបិទបញ្ចប់វគ្គបណ្តុះបណ្តាល ស្តីពី សវនកម្ម បន្ទាប់ពីបានធ្វើការបណ្តុះបណ្តាលអស់រយៈពេល ៥ថ្ងៃ ដោយ​គិត​ចាប់ពីថ្ងៃទី ០៤-០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។

ឯកឧត្តម សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ចឲ្យដឹងថា ៖ នេះជាវគ្គទី ៨ហើយ ដែលបានទទួល សិក្ខាកាម​បណ្តុះបណ្តាល​បាន​ចំនួន ៣២០នាក់ ក្នុងនោះមានសិក្ខាកាមដែលជាមន្ត្រីក្រសួង បានចូលរួមវគ្គបណ្តុះបណ្តាលនេះ សុទ្ធសឹងតែយកចិត្តទុកដាក់ខ្ពស់បាន​ពិភាក្សាជាក្រុម ព្រមទាំងបានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងបានផ្តោតជាសំខាន់ទាក់ទងនឹងនីតិវិធីដែលត្រូវអនុវត្ត។ ឯកឧត្តម បានបន្តទៀតថា នៅក្នុងឆ្នាំ ២០១៩ នេះចំពោះសិក្ខាមចូលរួមមានតែថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាខ្សែរបណ្តោយ​របស់​ក្រសួង​តែ​ប៉ុណ្ណោះ។ ប៉ុន្តែនៅឆ្នាំ ២០២០ ខាងមុខនេះ វិទ្យាស្ថានជាតិអធិការកិច្ច នឹងអញ្ជើញមន្ត្រីនៃអគ្គារធិការតាមបណ្តាក្រសួងស្ថាប័ន និង​ស្ថានប័ន​រដ្ឋដទៃទៀតមកចូលរួមក្នុងវគ្គបណ្តុះបណ្តាលទៅតាមកម្មវិធីរបស់វិទ្យាស្ថានជាតិអធិការកិច្ច។

ឯកឧត្តម ចាប សុថារិទ្ធ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង អបអរសាទរចំពោះ​សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សានេះដោយជោគជ័យ។ ជោគជ័យរបស់មន្ត្រីដែលបានចូលរួមនាពេលនេះ គឺជាកាយវិការ​មួយ​ដ៏​មាន​សារៈសំខាន់សម្រាប់ត្រួតពិនិត្យតម្លាភាព និងគណនេយ្យភាព តាមរយៈការធ្វើអធិការកិច្ចលើគ្រប់វិស័យ សំដៅបង្ការ ទប់ស្កាត់ កែលំអ និង​មានវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា តាមរយៈជំនាញផ្នែកច្បាប់ ប៉ុន្តែមិនមែន​ការ​វែករកកំហុស ដើម្បីរិះគន់រាជរដ្ឋាភិបាលនោះទេ គឺយើងមានតួនាទីធ្វើជាសេនាធិការដើម្បី ចូលរួមបំពេញបំបន្ថែម សំរាប់​ឈានទៅ​សម្រេច​យុទ្ធសាស្ត្រចតុកាណរបស់រាជរដ្ឋាភិបាល ដែលមានអបាលកិច្ចល្អជាស្នូល។

ឯកឧត្តម ចាប សុថារិទ្ធ បញ្ជាក់ថា តាមចក្ខុវិស័យរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការទិសដៅ​ច្បាស់​លាស់​ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់មន្ត្រីយើងឲ្យកាន់តែមានគុណភាព តាមរយៈ នៃការបណ្តុះបណ្តាល​របស់​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច។ ឯកឧត្តម ក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ ត្រូវពង្រឹង​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត និងយកចំណេះដែលខ្លួនទទួលបានទៅពង្រឹងស្ថាប័នរបស់ខ្លួន។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់លោក ថង សុខុម ដែលជា​គ្រូឧទ្ទេសនាម​ជំនាញ​ខាង​ផ្នែក​សវនកម្ម ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងបានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ដែលទាក់ទងនឹងផ្នែកសវនកម្មជូន​ដល់​សិក្ខាកាមក្នុងវគ្គនេះផងដែរ៕